(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពចេញពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិកូរ៉េ ០៣នាក់ ដែលធ្លាប់បានស្នាក់នៅក្នុងទីក្រុងឡុងដ៍ របស់អង់គ្លេស និងបានមកដល់ប្រទេសកូរ៉េខាងត្បូងវិញ កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅនេះ បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ទម្រង់ថ្មី ដោយបច្ចុប្បន្ននេះពួកគេត្រូវបានដាក់ ឲ្យស្ថិតនៅដាច់ដោយឡែកពីគេឯងហើយ។

ចំណែកឯជនជាតិកូរ៉េ ០៤នាក់ផ្សេងទៀត ដែលបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា និងថ្ងៃទី១៣ ខែធ្នូកន្លងទៅនេះ ពីប្រទេសអង់គ្លេស ក៏បានធ្វើតេស្ដវិជ្ជមានចំពោះវីរុស COVID-19 ដែរ និងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយថា តើពួកគេបានឆ្លងវីរុស COVID-19 ទម្រង់ថ្មីនេះដែរឬទេ។

វីរុស COVID-19 ទម្រង់ថ្មីដែលត្រូវបានលេចចេញដំបូងនៅចក្រភពអង់គ្លេស ត្រូវបានគេដឹងថា អាចមានសមត្ថភាពចម្លងជំងឺបានរហូតដល់ទៅ ៧០ភាគរយឯណោះ ពោលគឺមានសមត្ថភាពចម្លងច្រើនជាងវីរុស COVID-19 ទម្រង់ដើម។ ជុំវិញបញ្ហានេះ ប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសពីផែនការផ្អាករាល់ជើងហោះហើរ ពីចក្រភពអង់គ្លេសនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃវីរុស COVID-19 ទម្រង់ថ្មីនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៥៧,៦៨០ករណី ក្នុងនោះមានអ្នកសា្លប់ ៨១៩នាក់ និងជាសះស្បើយ ៣៩,២៦៨នាក់។ នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងក៏បានប្រកាស ជំរុញល្បឿននៃការបញ្ជាទិញ និងចែកចាយវ៉ាក់សាំង COVID-19 ផងដែរ ដើម្បីឆ្លើយតបនឹងស្ថានការណ៍អាសន្នបែបនេះ៕