(បរទេស)៖ យានអវកាស Solar Orbiter ដែលជាគម្រោងរួមគ្នារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ទើបតែបានហោះឆ្វែលភពសុក្រ (Venus) កាលពីថ្ងៃទី២៧ ខែធ្នួ ខណៈវាជាលើកដំបូងបំផុតនៃការហោះឆ្វែលភព ធ្វើឡើងដោយយានអវកាសមួយនេះ ដើម្បីជួយសម្រួលគន្លងធ្វើដំណើររបស់វា ឲ្យកាន់តែបានទៅឆាប់ដល់កៀកព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

យាន Solar Orbiter គឺជាគម្រោងរួមគ្នារវាងទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីទៅសិក្សាអំពីផ្កាយរបស់យើងសម្រាប់រយៈពេល ០៧ឆ្នាំ។ ប៉ុន្តែមុនពេលអាចទៅកៀកនឹងព្រះអាទិត្យ តាមការចង់បានរបស់ក្រុមអ្នកវិទ្យាសាស្រ្ត យាន Solar Orbiter ត្រូវធ្វើដំណើរជាច្រើនជុំ ហើយក៏ត្រូវហោះក្រឡឹងភពមួយចំនួន ដោយចាប់ផ្តើមពីការហោះឆ្វែលភពសុក្រមុនគេ។

គួរបញ្ជាក់ថា យាន Solar Orbiter បានហោះឆ្វែលភពសុក្រនៅរយៈចម្ងាយ ៧,៥០០គីឡូម៉ែត្រ។ ដោយឡែកក្រៅពីយានអវកាសនេះ ក៏មានយានមួយទៀតដែលត្រូវបានបញ្ជូន ឲ្យទៅធ្វើការសិក្សាស្រាវជ្រាវអំពីព្រះអាទិត្យផងដែរ កាលពីឆ្នាំ២០១៨ គឺយាន Parker Solar Probe របស់អង្គការ NASA។ បច្ចុប្បន្នយាន Parker Solar Probe កំពុងស្ថិតនៅចម្ងាយជាង ២៥លានគីឡូម៉ែត្រពីព្រះអាទិត្យ ខណៈគោលដៅចម្បងរបស់វា គឺទៅឲ្យដល់ចំណុច ៦.៥លានគីឡូម៉ែត្រពីព្រះអាទិត្យ៕