(ឡុងដ៍)៖ ក្រសួងពាណិជ្ជកម្មអង់គ្លេសបានប្រកាសថា ចក្រភពអង់គ្លេស និងតួកគី គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ជាលើកដំបូង ចាប់តាំងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយចម្លងតាមលក្ខខណ្ឌពាណិជ្ជកម្ម ដែលមានស្រាប់រវាងទីក្រុងអង់ការ៉ា និងទីក្រុងឡុងដ៍ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានគូសបញ្ជាក់ថា អង់គ្លេសរំពឹងចង់ឃើញ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើតមានឡើងក្នុងពេលឆាប់ៗនេះ។

លោកស្រី Liz Truss បានគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងរំពឹងថា នឹងអាចចុះហត្ថលេខារួមគ្នានៅសប្តាហ៍នេះ នឹងជួយគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងជួយផ្ដល់នូវដល់ការងាររាប់ពាន់ នៅទូទាំងចក្រភពអង់គ្លេស ដូចជាវិស័យផលិតកម្ម ឧស្សាហកម្មផលិតរថយន្ត និងដែកថែបទៀតផង។ ឥឡូវនេះយើងទន្ទឹងរងចាំធ្វើការជាមួយប្រទេសតួកគី ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងតួកគីនាពេលអនាគតដ៏ខ្លីខាងមុខនេះ»

ទំនាក់ទំនងពាណិជ្ជកម្មមានតម្លៃសរុបជាង ២៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ហើយចក្រភពអង់គ្លេសបានសង្កត់ធ្ងន់ថា វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតទី ៥ ដែលក្រសួងពាណិជ្ជកម្មអង់គ្លេសបានចរចា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន កាណាដា ស្វីស និងន័រវែស។

គួរបញ្ជាក់ថា បច្ចុប្បន្នចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសចំនួន ៦២ នៅមុនអន្តរកាល Brexit នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។ កាលពីសប្តាហ៍មុននេះ អង់គ្លេស និងសហភាពអឺរ៉ុប ក៏ទើបតែបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏តានតឹងបំផុតមួយផងដែរ ដែលវាត្រូវបានចាត់ទុកថា ជាជោគជ័យធំបំផុតមួយរបស់ លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន៕