(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះថា ប្រធានាធិបតីលោក Vladimir Putin នឹងទទួលចាក់វ៉ាក់សាំង Sputnik V ប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «លោកពូទីនបាននិយាយថា លោកនឹងទទួលចាក់វ៉ាក់សាំង។ លោកបានធ្វើការសម្រេចចិត្តបែបនេះ ហើយកំពុងរង់ចាំរហូតដល់បែបបទទាំងអស់ត្រូវបានបញ្ចប់»

ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Sputnik V ទៅលើប្រជាជនរបស់ខ្លួន ដោយស្ម័គ្រចិត្តកាលពីដើមខែធ្នូ ដោយចាប់ផ្តើមជាមួយក្រុមងាយរងគ្រោះបំផុត នៅទីក្រុងមូស្គូ។

គួរបញ្ជាក់ថា មួយថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលរុស្ស៊ីបាននិយាយថា វ៉ាក់សាំងនេះត្រូវបានអនុម័តឲ្យប្រើប្រាស់ សម្រាប់មនុស្សវ័យចំណាស់ អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បាននិយាយនៅលើគេហទំព័ររបស់លោកនៅថ្ងៃអាទិត្យនេះថា មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ អាចចាប់ផ្តើមដាក់ពាក្យសុំចាក់វ៉ាក់សាំង ចាប់ពីថ្ងៃចន្ទស្អែកទៅ៕