(រ៉ូម)៖ ជិត ១០ខែ ក្រោយពីរកឃើញករណីដំបូង នៃជំងឺ COVID-19 អ៊ីតាលីនៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងវីុរសឆ្លងដ៏កាចសាហាវនេះ ជូនដល់ប្រជាជនរបស់ខ្លួនហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

លោក Domenico Arcuri ដែលជាអគ្គស្នងការទទួលបន្ទុកជំងឺឆ្លង បាននិយាយនៅសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យនេះថា បុគ្គលិកសុខាភិបាលចំនួន ៣នាក់នៅមន្ទីរពេទ្យ Rome Spallanzani បានទទួលចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech។

គិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Claudia Alivernini អាយុ ២៨ឆ្នាំ ដែលជាមនុស្សម្នាក់ ក្នុងចំណោម ៣នាក់ទាំងលើ ក្រោយពីទទួលចាក់វ៉ាក់សាំងរួច បានប្រាប់ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា«វ៉ាក់សាំងនេះមានប្រសិទ្ធភាពល្អណាស់ ហើយវាជាពេលវេលាប្រវត្តិសាស្ត្រដ៏រំភើបមួយ សម្រាប់ប្រទេសជាតិ។ វាគឺជាការចាប់ផ្តើមនៃការបញ្ចប់របស់ជំងឺ COVID-19 ហើយខ្ញុំសង្ឃឹមថា នឹងក្លាយជាមនុស្សដំបូងគេក្នុងចំណោមប្រជាជនអ៊ីតាលីជាង ៦០លាននាក់»។

ក្រសួងសុខាភិបាលអ៊ីតាលី បានគូសបញ្ជាក់ថា វ៉ាក់សាំងចំនួន ៩,៧៥០ដូស បានទៅដល់ប្រទេសអ៊ីតាលីរួចហើយ ខណៈដែល ៤៧០,០០០ ដូសផ្សេងទៀត ត្រូវបានរំពឹងថានឹងមកដល់នៅសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានក្លាយជាប្រទេសទី៨ នៅលើពិភពលោក ដែលមានករណីឆ្លង COVID-19 លើសពី ២លានករណី ដោយក្នុងចំណោមនោះមានមនុស្សស្លាប់ចំនួន ៧០,៩០៩នាក់ ដែលជាចំនួនខ្ពស់បំផុតនៅអឺរ៉ុប និងជាចំនួនខ្ពស់បំផុតទី៥ នៅទូទាំងពិភពលោក៕