(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បាននិងកំពុងបង្កើនការធ្វើតេស្ដទ្រង់ទ្រាយធំ នៅក្នុងស្រុកមួយ ស្ថិតនៅភាគឦសានទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋធានីនៃប្រទេសចិនមួយនេះ រាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ ២ករណីថ្មី កាលពីសុក្រកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី ប៉ាង ស៊ីងហួ (Pang Xinghuo) បានឱ្យដឹងដែរថា អាជ្ញាធរកំពុងដឹកនាំការធ្វើតេស្ដលើមនុស្សប្រមាណជា ៨០០,០០០នាក់ នៅក្នុងស្រុក Xinyi នៃភាគឦសានទីក្រុងប៉េកាំង ដោយកន្លែងធ្វើតេស្ដ៩២កន្លែង ត្រូវបានបង្កើតឡើងដើម្បីប្រមូលសំណាក។ លោកស្រីបន្ថែមថា មកទល់នឹងពេលនេះ ការធ្វើតេស្ដទ្រង់ទ្រាយធំ បានរកឃើញមនុស្ស៥នាក់បន្ថែមទៀតឆ្លង COVID-19 ដោយមានជាប់ពាក់ព័ន្ធនឹងពីរករណីឆ្លង កាលពីថ្ងៃសុក្រ។

អាជ្ញាធររដ្ឋធានីប៉េកាំងនៃប្រទេសចិន បានណែនាំប្រជាជនទុកជាមុនឲ្យហើយ ដោយមិនគួរចាកចេញពីទីក្រុងនេះឡើយ នៅអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំចិន ខាងមុខនេះ បន្ទាប់់ពីករណីឆ្លងថ្មីៗក្នុងសហគមន៍ ត្រូវបានរកឃើញជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃមកនេះ។ ទោះបីចិនកំពុងគ្រប់គ្រង ការឆ្លងរាតត្បាត COVID-19 យ៉ាងល្អប្រសើរក៏ដោយ ក៏ឱកាសបុណ្យចូលឆ្នាំសកល និងចូលឆ្នាំចិន នៅដើមឆ្នាំ២០២១ខាងមុខ កំពុងធ្វើឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទូទាំងប្រទេសនេះ មានការព្រួយបារម្ភ និងកំពុងរៀបចំវិធានការទប់ស្កាត់ ទុកជាមុនផងដែរ ជាពិសេសគឺទៅលើការសម្រុកធ្វើដំណើរ និងការជួបជុំគ្នាយ៉ាងកកកុញជាដើម។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ចិន គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មានអ្នកឆ្លង COVID-19 ៨៦,៩៥៥នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៨១,៩៨៧នាក់៕