(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯទីក្រុង Rockford នៃរដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

បើតាមប៉ូលិសក្នុងទីក្រុង Rockford ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតពីជនសង្ស័យ ឬក៏មូលហេតុបណ្ដាលឱ្យមាន ការបាញ់ប្រហារនេះកើតឡើងនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

ប៉ូលិសបានបន្ថែមទៀតថា មនុស្សរងរបួសទាំង៣នាក់ ដែលជាយុវជនវ័យក្មេង កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមិនទាន់ដឹងពីស្ថានភាពរបស់ពួកគេ ឡើយ៕