(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តហាមឃាត់ជនបរទេស ដែលមិនមែនជាអ្នកស្នាក់នៅអចិន្រៃ្តយ៍ ចូលមកក្នុងប្រទេសខ្លួន ជាបណ្ដោះអាសន្ន ខណៈអាជ្ញាធរកំពុង រឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ទម្រង់ថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

វិធានការបណ្ដោះអាសន្នខាងលើនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទស្អែកនេះ ហើយវានឹងមានសុពលភាពពេញមួយខែមករា ឆ្នាំ២០២១។ ពលរដ្ឋជប៉ុន នៅក្រៅប្រទេស និងជនបរទេស ដែលជាអ្នកសា្នក់នៅអចិន្ត្រៃយ៍ នឹងត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសជប៉ុនដដែល។ ប៉ុន្តែ ត្រូវបង្ហាញលិខិតបញ្ជាក់លទ្ធផលតេស្ដអវិជ្ជមាន COVID-19 ក្នុងរយៈពេល៧២ម៉ោង មុនការចាកចេញដំណើរ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ២សប្ដាហ៍ ក្រោយការមកដល់។

គួរបញ្ជាក់ថា ការសម្រេចចិត្តហាមឃាត់ជនបរទេសមិនមែនជាអ្នកស្នាក់នៅអចិន្រៃ្តយ៍ ចូលមកក្នុងប្រទេសជាបណ្ដោះអាសន្ន ដោយរដ្ឋាភិបាលទីក្រុងតូក្យូ កើតមានឡើង បន្ទាប់ពីក្រសួងសុខាភិបាលជប៉ុនបានប្រកាស កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញករណីឆ្លងដំបូងៗនៃវីរុស COVID-19 ទម្រង់ថ្មី ដែលបានផ្ទុះឡើងមុនគេនៅចក្រភពអង់គ្លេស។

ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីខាងលើនេះ ត្រូវបានរកឃើញទៅលើមនុស្ស ០៥នាក់ ដែលបានធ្វើដំណើរមកដល់ប្រទេសជប៉ុន កាលពីចន្លោះថ្ងៃទី១៨-២១ ខែធ្នូ ឆ្នាំ២០២១ គឺនៅមុនពេលដែលប្រទេសដីកោះមួយនេះ ចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹង ការធ្វើដំណើរទៅមក ជាមួយចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រកន្លងទៅ៕