(អាមេរិក)៖ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada ប្រភេទ Boeing Co 737-8 Max ដែលធ្វើដំណើរចម្លោះរដ្ឋ Arizona សហរដ្ឋអាមេរិក និងទីក្រុង Montreal របស់កាណាដា ជាមួយនឹងសហសេវិកយន្តហោះចំនួន៣នាក់ ជិះនៅលើនោះ បានមានបញ្ហាម៉ាស៊ីន ដែលបង្ខំឲ្យសហសេវិក បង្វែរការហោះហើរទៅកាន់ទីក្រុង Tucson រដ្ឋ Arizona វិញ, នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ភ្លាមៗក្រោយពីការហោះឡើង, អ្នកបើកបរ បានទទួល «ការបង្ហាញប្រាប់ពីបញ្ហាម៉ាស៊ីន» ហើយ «បានសម្រេចចិត្តពន្លត់ម៉ាស៊ីនមួយគ្រឿង», នេះបើតាមសម្តីអ្នកនាំពាក្យមួយរូប របស់ក្រុមហ៊ុន Air Canada។ ប្រភពដដែលបន្ថែមថា «ក្រោយមក យន្តហោះបានបង្វែរទៅចុះចត នៅទីក្រុង Tucson ដោយធម្មតា»។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២២ ខែធ្នូកន្លងទៅ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដកការហាមឃាត់ហោះហើរ ដែលបានដាក់អស់រយៈពេល២០ខែ លើយន្តហោះ 737 MAX កាលពីខែមុន, ជាមួយនឹងរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក បានបង្ហាញពីព័ត៌មានលម្អិតនៃកម្មវិធី Software, ប្រព័ន្ធ និងការបណ្តុះបណ្តាល ពីការធ្វើឲ្យប្រសើរឡើងរបស់ក្រុមហ៊ុន Boeing ហើយក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែបំពេញឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលដឹកអ្នកដំណើរ៕