(ប៉េកាំង)៖ អាជ្ញាធររដ្ឋធានីប៉េកាំងនៃប្រទេសចិន បានណែនាំប្រជាជនទុកជាមុនឲ្យហើយ ដោយមិនគួរចាកចេញពីទីក្រុងនេះឡើយ នៅអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំចិនខាងមុខនេះ បន្ទាប់់ពីករណីឆ្លងថ្មីៗក្នុងសហគមន៍ ត្រូវបានរកឃើញជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២០ករណីបន្ថែមទៀត នៅក្នុងរយៈពេញមួយថ្ងៃសុក្រម្សិលមិញនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនេះ ១២ករណីជាករណីនាំចូល និង ០៨ករណីទៀតជាករណីក្នុងស្រុក ក្នុងនោះ ០៦ករណីត្រូវបានរាយការណ៍ចេញពី ខេត្ដលាវនីង (Liaoning) ស្ថិតនៅភាគឦសានប្រទេស និង ០២ករណីទៀត នៅក្នុងរដ្ឋធានីប៉េកាំងតែម្តង។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៦,៩៣៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៨១,៩៧១នាក់។ ទោះបីចិនកំពុងគ្រប់គ្រង ការឆ្លងរាតត្បាត COVID-19 យ៉ាងល្អប្រសើរក៏ដោយ ក៏ឱកាសបុណ្យចូលឆ្នាំសកល និងចូលឆ្នាំចិន នៅដើមឆ្នាំ២០២១ខាងមុខ កំពុងធ្វើឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទូទាំងប្រទេសនេះ មានការព្រួយបារម្ភ និងកំពុងរៀបចំវិធានការទប់ស្កាត់ ទុកជាមុនផងដែរ ជាពិសេសគឺទៅលើការសម្រុកធ្វើដំណើរ និងការជួបជុំគ្នាយ៉ាងកកកុញជាដើម៕