(អង់ការ៉ា)៖ ប្រទេសតួកគីដែលបានចូលរួមធ្វើតេស្ត លើប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech បានបញ្ចេញលទ្ធផលចុងក្រោយរបស់ខ្លួនហើយ ដោយក្នុងនោះប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ត្រូវបានបង្ហាញរហូតដល់ទៅ ៩១.២៥%ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

បើតាមក្រុមស្រាវជ្រាវវេជ្ជសាស្ត្រជាតិរបស់តួកគី គ្មានបញ្ហាគួរឲ្យកត់សម្គាល់ណាមួយបានកើតឡើង នៅក្នុងអំឡុងការធ្វើតេស្តវ៉ាក់សាំងចិន Sinovac នោះឡើយ ដោយក្នុងនោះមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានជួបប្រទះបញ្ហាប្រតិកម្មអាលែកហ្ស៊ីតិចតួច ប៉ុន្តែរូបគេបានធូរស្រាលវិញហើយ។ លទ្ធផលនៃការធ្វើតេស្តនៅតួកគី គឺមានភាពប្រសើរជាងឆ្ងាយ បើធៀបនឹងលទ្ធផលធ្វើតេស្តនៅប្រេស៊ីល ដែលត្រូវបានបញ្ចេញតែមិនទាន់ផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ។

គួរបញ្ជាក់ថា ប្រទេសតួកគីស្ថិតនៅក្នុងចំណោមប្រទេសធំៗមួយចំនួន ក្នុងនោះមានដូចជាប្រេស៊ីល និងឥណ្ឌូណេស៊ីជាដើម ដែលបានចូលខ្លួនធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងដំណាក់កាលចុងក្រោយ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន ៧,០០០នាក់។ គិតត្រឹមថ្ងៃសុក្រនេះ តួកគីមានអ្នកឆ្លង COVID-19 សរុបជាង ២លានករណី ក្នុងនោះស្លាប់ ១៩,១១៥នាក់ និងជាសះស្បើយវិញ ១,៩៣៥,២៩២នាក់៕