(ម៉ានីល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើប្រទេសហ្វីលីពីននៅព្រឹកថ្ងៃសុក្រនេះ ដោយបានបង្កឲ្យអគារជាច្រើននៅក្នុងរដ្ឋធានីម៉ានីលញាប់ញ័រ និងរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល (Christmas Day Masses)។ យ៉ាងណាក៏ដោយ មិនទាន់មានសេចក្ដីរាយការណ៍អំពីជនរងគ្រោះ ឬក៏ការខូចខាតនោះឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

បើតាម USGS គ្រោះរញ្ជួយដីខាងលើបានវាយប្រហារលើខេត្ត បាតាំងហ្គាស (Batangas) នៃកោះ លូហ្សុន (Luzon) ដោយបានញ័ររញ្ជួយពីក្នុងដី ១១៤គីឡូម៉ែត្រ។ ទីភ្នាក់ងារ USGS ពីដំបូងឡើយបានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមានកម្រិតតែ ៦.២រ៉ិចទ័រ និងជម្រៅងរញ្ជួយទៅក្នុងដី ១០៨គីឡូម៉ែត្រតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសដីកោះ មានទីតាំងស្ថិតនៅខ្សែក្រវាត់ភ្នំភ្លើង ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងាយជួបប្រទះគ្រោះនឹងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញប់៕