(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៣,០៣០នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៨៨៣៥នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៩,១១១,៣២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៣៧,០៦៦នាក់ និងជាសះស្បើយឡើងសរុបចំនួន ១១,២១៩,១២៣នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនបានជាង ១លាននាក់ហើយ ក្នុងនោះរួមមានបុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សវ័យចំណាស់ ដែលងាយរងគ្រោះបំផុត ដោយសារតែការឆ្លងរាតត្បាត COVID-19។ ដោយឡែកលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕