(ញូយ៉ក)៖ អ្នកជំនាញផ្នែកជំងឺឆ្លងដ៏លេចធ្លោបំផុតនៅសហរដ្ឋអាមេរិក គឺលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាស៊ី (Anthony Fauci) បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភាពស៊ាំជាសហគមន៍ដើម្បីប្រឆាំងវីរុសកូរ៉ូណា (COVID-19) អាចសម្រេចទៅបានលុះត្រាតែមានការចាក់វ៉ាក់សាំង ក្នុងចំនួនចន្លោះពី ៧០-៩០ភាគរយ នៃចំនួនប្រជាជនសរុប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

បើតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញថា គិតចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ពលរដ្ឋអាមេរិកាំងច្រើនជាង ១លាននាក់បានទទួលវ៉ាក់សាំងរួចហើយ ឬស្មើនឹង ០.៣ភាគរយនៃប្រជាជនសរុប។ នៅពេលត្រូវបានសាកសួរ អំពីអត្រានៃការចាក់វ៉ាក់សាំងដល់ប្រជាជន នៅក្នុងចំនួនប៉ុន្មានលាននាក់ ទើបអាចឲ្យសហគមន៍ទាំងមូលមានភាពសុំាប្រឆាំងនឹង COVID-19 នោះ លោក Fauci បានប្រាប់កាសែតញូយ៉កថែមស៍ (New York Times) យ៉ាងដូច្នេះថា «យើងនៅមិនដឹងអំពីចំនួនពិតប្រាកដនៅឡើយទេ... ខ្ញុំជឿជាក់ថា ចំនួនពិតប្រាកដគឺអាចស្ថិតនៅចន្លោះពី ៧០-៩០ភាគរយ... ប៉ុន្តែខ្ញុំនឹងមិននិយាយឲ្យដល់ ៩០ភាគរយនោះឡើយ»

ការអត្ថាធិប្បាយរបស់លោកត្រូវបានធ្វើឡើង នៅពេលដែលសហរដ្ឋអាមេរិកបានរាយការណ៍ អំពីករណីស្លាប់ច្រើនជាង ៣,០០០នាក់ ពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធសប្តាហ៍នេះ។ យោងតាមទិន្នន័យពីរដ្ឋបាលសុវត្ថិភាពដឹកជញ្ជូនអាមេរិក (TSA) បានឲ្យដឹងថា នៅថ្ងៃដដែលពលរដ្ឋអាមេរិកាំងចំនួន ១,១៩១,១២៣នាក់បានធ្វើដំណើរតាមយន្តហោះ ពោលគឺច្រើនជាងថ្ងៃផ្សេងៗទៀត ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងនៅសហរដ្ឋអាមេរិកជាលើកដំបូងកាលពីខែមីនា។

ទិន្នន័យនេះបានបង្ហាញថា មនុស្សជាច្រើននៅតែមិនគោរពតាមការណែនាំ របស់ក្រុមអ្នកជំនាញសុខភាពសាធារណៈ ដោយផ្តល់ដំបូន្មានឲ្យចៀសវាងការធ្វើដំណើរ ទៅអបអរពិធីបុណ្យណូអែលនៅថ្ងៃសុក្រនេះ។ លោក Fauci និងមន្ត្រីជំនាញជាច្រើនរូបទៀត បានបញ្ជាក់ថា ការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវអនុវត្ត ឲ្យបានដិតដល់រហូតដល់ឆ្នាំ២០២១ ស្របពេលដែលយុន្ធាការចាក់វ៉ាក់សាំងកំពុងដំណើរការ។

គួរបញ្ជាក់ថា បុគ្គលិកថែទាំសុខភាព, អ្នកដែលកំពុងរស់នៅតាមមណ្ឌលថែទាំមនុស្សចាស់, មន្ត្រី និងក្រុមអ្នកពន្លត់អគ្គីភ័យ គឺស្ថិតក្នុងចំណោមក្រុមមនុស្សមានអាទិភាព ដែលអាចទទួលបានវ៉ាក់សាំងមុនគេ។ សម្រាប់ពលរដ្ឋអាមេរិកាំងភាគច្រើន ប្រហែលជាអាចត្រូវរង់ចាំរយៈពេល ០៦ខែ ឬច្រើនជាងនេះ ដើម្បីទទួលបានការចាក់វ៉ាក់សាំង៕