(ហ្សាកាតា)៖ ឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចហាមឃាត់អ្នកធ្វើដំណើរពីចក្រអង់គ្លេស និងបានចាត់វិធានការរឹតបន្តឹង សម្រាប់អ្នកដែលធ្វើដំណើរមកពីអឺរ៉ុប និងអូស្ត្រាលីផងដែរ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ទម្រង់ថ្មី ដែលកំពុងយាយីនៅតាមបណ្តាប្រទេសទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

សារាចរណែនាំបានលើកឡើងយ៉ាងដូច្នេះថា«ជនបរទេសដែលធ្វើដំណើរមកពីប្រទេសអង់គ្លេស ដែលជាទីដែលជំងឺ COVID-19 ទម្រង់ថ្មីកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ។ ចំណែកឯ អ្នកធ្វើដំណើរមកពីអឺរ៉ុប និងប្រទេសអូស្រ្តាលី ត្រូវតែនាំមកជាមួយនូវ លទ្ធផលតេស្ត swab ហើយបើទោះបីជា«អវិជ្ជមាន»ក៏ត្រូវធ្វើចត្តាឡីស័កចំនួន ៥ថ្ងៃផងដែរ»

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាគេបំផុត នៅអាស៊ីអាគ្នយ៍ ជាមួយនឹងករណីឆ្លងសរុប ៦៩២,៨៣៨ករណី ក្នុងនោះស្លាប់ ២០,៥៨៩នាក់៕