(ឡុងដ៍)៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តហាមឃាត់ជាបណ្ដោះអាសន្ន នូវជើងហោះហើរដឹកអ្នកដំណើរ មកពីប្រទេសអាហ្រ្វិកខាងត្បូង បន្ទាប់ពី ទម្រង់ថ្មីទី២ នៃវីរុសកូរ៉ូណា (COVID-19) ដែលមានប្រភពដើមមកពីប្រទេសមួយនេះ ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមក្រសួងដឹកជញ្ជូនអង់គ្លេស ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងដឹកជញ្ជូនអង់គ្លេសបានគូសបញ្ជាក់ដូច្នេះថា៖ «ចាប់ពីម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ (ម៉ោងក្នុងទីក្រុងឡុងដ៍) អ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរទៅកាន់ ឬឈប់ប្ដូរជើងហោះហើរនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីជាង១០មុន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូល ឬជិះលើ ជើងហោះហើរដោយផ្ទាល់ចូលមកក្នុងចក្រភពអង់គ្លេស នោះទេ»។ ក្រសួងបន្ថែមទៀតថា បម្រាមនេះត្រូវលើកលែងចំពោះយន្ដហោះដឹកទំនិញគ្មានអ្នកដំណើរ និងពលរដ្ឋមាន សញ្ជាតិអង់គ្លេស និងអ៊ែរឡង់។ តែពួកគេ នឹងត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃសិន នៅពេលមកដល់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលអង់គ្លេស កើតមានឡើង បន្ទាប់ពីទម្រង់ថ្មីមួយផ្សេងទៀត (ទម្រង់ថ្មីទី២) នៃវីរុសកូរ៉ូណា (COVID-19) ត្រូវបានរកឃើញ នៅក្នុងចក្រភពអង់គ្លេស ដោយមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរពីរនាក់ មកពីប្រទេសអាហ្វ្រិកខាងត្បូង។ បច្ចុប្បន្នអង់គ្លេស កំពុងប្រឹងប្រែងគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 ទម្រង់ថ្មី (ទម្រង់ថ្មីទី១) ដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពចម្លងជំងឺ ៧០ភាគរយលើស COVID-19 បច្ចុប្បន្ន។

ទោះជាបែបនេះក្តី មកទល់នឹងពេលនេះ COVID-19 ទម្រង់ថ្មីចុងក្រោយបំផុតទាំង ២ មិនទាន់ត្រូវបានគេកំណត់ថា តើវាមានភាពកាចសាហាវកម្រិតណា ឬអាចបំផ្លាញប្រសិទ្ធភាព វ៉ាក់សាំងបានដែរ ឬក៏យ៉ាងណានោះទេ។ ដោយសារតែ បែបនេះហើយ ទើបប្រទេសកាន់តែច្រើនឡើងៗ ក៏បានចាប់ផ្តើមផ្អាកការធ្វើដំណើរទៅមក ជាមួយចក្រភពអង់គ្លេស រួមទាំងអាហ្វ្រិកខាងត្បូងផងដែរ៕