(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ជើងហោះហើរត្រង់ទាំងទៅនិងមក ពីចក្រភពអង់គ្លេស នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន បន្ទាប់ពីការផ្ទុះករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

អ្ន កនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃព្រហស្បតិ៍នេះថា «បន្ទាប់ពីការពិចារណាយ៉ាងល្អិតល្អន់ ប្រទេសចិនបានសម្រេចចិត្តថា នឹងផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរ ទាំងទៅនិងមកពីចក្រភពអង់គ្លេស។ ចិនក៏នឹងបន្តតាមដានស្ថានការណ៍ ទៅមុខទៀតផងដែរ ហើយនឹងចាត់វិធានការណ៍ជាបន្តបន្ទាប់ ទៅតាមការវិវឌ្ឍស្ថានការណ៍ជាក់ស្តែង»

គួរបញ្ជាក់ថា ចិនមិនបានប្រកាសអំពីពេលវេលាជាក់លាក់ ដែលការផ្អាកជើងហោះហើរទៅមក រវាងចក្រភពអង់គ្លេសខាងលើនេះ នឹងត្រូវអនុវត្តជាផ្លូវការឡើយ។ ទោះជាបែបនេះក្តី ចិនបានក្លាយជាប្រទេសចុងក្រោយ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបជាច្រើន បូករួមទាំងសិង្ហបុរី កាណាដា ជប៉ុន កូរ៉េខាងត្បូង ទីក្រុងហុងកុង និងប្រទេសឥណ្ឌាជាដើម ដែលបានសម្រេចផ្អាកជើងហោះហើរទៅនិងមក ពីចក្រភពអង់គ្លេសជាបណ្តោះអាសន្ន ដោយសារតែការផ្ទុះវីរុស COVID-19 ទម្រង់ថ្មី ដែលគ្រប់គ្នាមិនទាន់អាចស្វែងយល់ពីវា បានច្បាស់លាស់នៅឡើយនោះ៕