(តែលអាវីវ)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល កាលពីថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង ០៤ករណី នៃវីរុស COVID-19 ទម្រង់ថ្មី ដែលលេចឡើងដំបូងនៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

ក្នុងចំណោម ០៤ករណីខាងលើនេះ មាន០៣ករណីដែលសុទ្ធសឹងជាអ្នក ទើបត្រលប់មកពីប្រទេសអង់គ្លេស ហើយកំពុងតែស្ថិតនៅ មជ្ឈមណ្ឌលធ្វើចត្តាឡីស័ក COVID-19 ខណៈ០១ករណីទៀត កំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែម។ វីរុស COVID-19 ទម្រង់ថ្មី កំពុងតែឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៅក្នុងចក្រភពអង់គ្លេស ហើយវាបានបង្កឲ្យមានការព្រួយបារម្ភខ្ពស់ ជាពិសេសក្នុងចំណោមប្រទេសអឺរ៉ុប។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អ៉ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសខ្លួនជាបណ្តើរៗ ហើយមកទល់ពេលនេះមនុស្ស ៧០,០០០នាក់ ក្នុងចំណោមប្រជាជនអ៉ីស្រាអែលសរុប ៩លាននាក់បានទទួលការចាក់។
តាមរយៈការធានា ដើម្បីទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនដូចជា Pfizer, Moderna និង AstraZeneca ប្រទេសអ៉ីស្រាអែលរំពឹងថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់នៅត្រឹមដំណាច់ឆ្នាំនេះ សម្រាប់ ២០ភាគរយនៃប្រជាជនខ្លួន ដែលងាយរងគ្រោះដោយសារ COVID-19។ អ៉ីស្រាអែលបានរកឃើញអ្នកឆ្លង COVID-19 សរុប ៣៨៣,៣៨៥នាក់ ក្នុងនោះស្លាប់ ៣,១៣៦នាក់៕