(ប៊ុយណូសអ៊ែរែស)៖ ក្រសួងសុខាភិបាលអាហ្សង់ទីន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) បានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលមានឈ្មោះសម្គាល់ថា Sputnik V របស់ប្រទេសរុស្ស៊ីនៅក្នុងករណីបន្ទាន់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

សេចក្ដីសម្រេចខាងលើដែលត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីសុខាភិបាលអាហ្សង់ទីន លោក ហ្គីនហ្សាលែស ហ្គាសៀ (Gines Gonzalez Garcia) បានគូសបញ្ជាក់ថា «វ៉ាក់សាំងនេះត្រូវបានចាត់ទុកជា ឧបករណ៍ព្យាបាលដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយអត្រាមរណភាព និងអត្រាឆ្លងនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ»

ការអនុម័តខាងលើនេះ គឺជាការអនុម័តលើកទី ២ ហើយដែលប្រទេសអាហ្សង់ទីនបានផ្តល់ជូន បន្ទាប់ពីបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាហ្សង់ទីន គឺជាប្រទេសអាមេរិក​ឡាទីនដំបូង​គេបង្អស់ ដែលបានចុះបញ្ជីវ៉ាក់សាំង Sputnik V ឲ្យប្រើប្រាស់ជាផ្លូវការក្នុងករណីបន្ទាន់ នៅក្នុងទឹកដីរបស់ខ្លួន។ វ៉ាក់សាំងនេះត្រូវបានអនុម័តដោយនិយតករ ANMAT (រដ្ឋបាលជាតិឱសថ ចំណីអាហារ និងឧបករណ៍វេជ្ជសាស្ត្រ) ដោយគ្មានការធ្វើតេស្តសាកល្បងបន្ថែម នៅក្នុងប្រទេសអាហ្សង់ទីនឡើយ... គឺគ្រាន់តែផ្អែកលើលទ្ធផល នៃការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអាហ្សង់ទីន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៥៦៣,៨៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤២,៣១៤នាក់ និងជាសះស្បើយ ១,៣៨៤,២៧៧នាក់។ បច្ចុប្បន្នអាហ្សង់ទីនជាប្រទេស ស្ថិតនៅលំដាប់លេខ ១១ លើពិភពលោក និងលេខ ២ នៅអាមេរិកឡាទីន ដែលមានករណីឆ្លង COVID-19 ច្រើនករណីបំផុត ជាមួយនិងអត្រាឆ្លងជិត ១០,០០០នាក់ក្នុងមួយថ្ងៃ៕