(សេអ៊ូល)៖ ក្រោយរងភាពមិនច្បាស់លាស់ និងការរិះគន់កាន់តែខ្លាំងពីមហាជននោះ នៅទីបំផុតរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនអាមេរិក Pfizer ចំនួន ១០លានដូស ព្រមទាំងវ៉ាក់សាំងពីក្រុមហ៊ុន ចេនសិន (Janssen) ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Johnson & Johnson ចំនួន ០៦លានដូសទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជនសរុបជាង ៥១លាននាក់ កំពុងស្ថិតនៅក្នុងគោលដៅធានាឲ្យបាន វ៉ាក់សាំងប្រឆាំង COVID-19 សម្រាប់ ៨៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ កន្លងមកនេះរដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសពីគម្រោងបញ្ជាទិញ វ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនចម្បងៗចំនួន ០៤ ក្នុងនោះមានដូចជា Janssen, Pfizer និងក្រុមអភិវឌ្ឍវ៉ាក់សាំង COVAX ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោក (WHO) ជាដើម។

បើតាមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សេគ្យុន (Chung Sye-kyun) បានថ្លែងតាមកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាពីក្រុមហ៊ុន Janssen នៅត្រីមាសទី ២ នៃឆ្នាំ២០២១ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នឹងមកដល់នៅត្រីមាសទី ៣ នៃឆ្នាំដដែល។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ៥៣,៥៣៣ករណី ក្នុងនោះអ្នកស្លាប់សរុបមានចំនួន ៧៥៦នាក់ និងជាសះស្បើយឡើងវិញ ៣៧,៤២៧នាក់។ កូរ៉េខាងត្បូងកំពុងស្ថិត នៅក្នុងគ្រាដ៏លំបាកបំផុតមួយ ខណៈអត្រាឆ្លងបានកើនឡើងដល់ខ្ទង់ ១,០០០នាក់ជាមធ្យម ជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ដែលបានជំរុញឲ្យអាជ្ញាធរ បង្កើនការអនុវត្តវិធានការ រឹតបន្តឹងសុវត្ថិភាពសង្គមកាន់តែតឹងរ៉ឹង៕