(ប៉េកាំង)៖ លោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានាធិបតីចិន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចិនត្រៀមខ្លួនធ្វើការងារជាមួយប្រទេសឡាវ ដើម្បីបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោក ប៊ុនញាំង វរជីត (Bounnhang Vorachith) អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) និងជាប្រធានាធិបតីឡាវ លោក ស៊ី ជិនពីង បានលើកឡើងយ៉ាងដូច្នេះថា លោកពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាជាមួយលោក Bounnhang តាមរយៈទូរស័ព្ទម្តងទៀតនៅឆ្នាំ២០២០នេះ។

ប្រធានាធិបតីបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់ គណៈកម្មាធិការនៃ LPRP និងលោក Bounnhang ប្រទេសឡាវទទួលបានស្ថេរភាពនយោបាយ និងសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងជីរភាពរស់នៅ របស់ប្រជាជនទៀតផង។

លោក ស៊ី ជិនពីង បានលើកឡើងបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និងលោក Bounnhang បានប្រឹងប្រែងជំរុញយ៉ាងសកម្ម ឆ្ពោះទៅការកសាងសហគមន៍ចិន-ឡាវ ជាមួយនឹងអនាគតរួមគ្នា និងបានបើកយុគសម័យថ្មី នៃទំនាក់ទំនងទ្វេភាគីដោយបន្ថែមថា ថ្នាក់ដឹកនាំទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការកាត់បន្ថយភាពក្រីក្រ និងបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាត់បន្ថយភាពក្រីក្រជាចំណុចសំខាន់ នៃទំនាក់ទំនងចិន-ឡាវផងដែរ។

គួរបញ្ជាក់ថា ភាគីទាំងពីរបានរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនៃជំងឺ COVID-19 និងគ្រោះទឹកជំនន់ ដែលបានបង្ហាញយ៉ាងច្បាស់ នូវស្មារតីរបស់សហគមន៍ចិន-ឡាវ ជាមួយនឹងអនាគតរួមគ្នា៕