(ហុងកុង)៖ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងលោក Jimmy Lai ទើបតែទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំនាថ្ងៃពុធនេះ ក្រោយពីរូបលោកត្រូវបានឃុំខ្លួនរយៈពេលជិត៣សប្តាហ៍ ពាក់ព័ន្ធបទចោទប្រកាន់ទាក់នឹងការប្រព្រឹត្តអំពើបោកប្រាស់ និងការធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

កាលពីថ្ងៃទី៣ ខែធ្នូ លោក Lai ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ ជុំវិញការសង្ស័យថាលោកបានរំលោភលើលក្ខខណ្ឌស្តីពីការជួលទីធ្លា សម្រាប់អគារក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកឈ្មោះ Next Digital។ ក្រោយមកលោក Lai ក៏បានរងបទចោទប្រកាន់ថែមទៀតកាលពី ថ្ងៃទី១១ ខែធ្នូ នៅក្រោមច្បាប់សន្តិសុខជាតិទីក្រុងហុងកុង ជុំវិញការសង្ស័យថាបានគប់គិតជាមួយកម្លាំងបរទេស និងបង្កគ្រោះថ្នាក់ចំពោះសន្តិសុខជាតិ។

គួរបញ្ជាក់ថា លោក Jimmy Lai បានបង្ហាញខ្លួននៅតុលាការក្រុងហុងកុងនាថ្ងៃពុធនេះ ហើយត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ បន្ទាប់ពីលោកបានជាប់ការឃុំឃាំងចាប់តាំងតែពីថ្ងៃទី៣ ខែធ្នូ មក។ ទីក្រុងប៉េកាំងបានដាក់ចេញច្បាប់សន្តិសុខជាតិថ្មីសម្រាប់ក្រុងហុងកុង ដើម្បីឆ្លើយតបចំពោះចលនាបាតុកម្មដ៏ក្តៅគគុក ដែលបានផ្ទុះឡើងនៅទីនោះកាលពីខែមិថុនា ឆ្នាំ២០១៩៕