(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានលើកលែងទោសឱ្យមនុស្សចំនួន១៥នាក់ ក្នុងនោះ រួមមានសម្ព័ន្ធមិត្ត និងមនុស្សជំនិតរបស់លោក ដែលមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរុស្ស៊ី កាលពីឆ្នាំ២០១៦ ក៏ដូចជាអ្នកម៉ៅការគម្រោងរដ្ឋាភិបាល ដែលត្រូវបានកាត់ទោស ក្នុងសំណុំរឿងសម្លាប់រង្គាលជនស៊ីវិលជាច្រើននាក់ កាលពីឆ្នាំ២០០៧ ក្នុងទីក្រុងបាកដាដ (Baghdad) ប្រទេសអ៉ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ក៏បានធ្វើការសម្រាលទោសមនុស្សចំនួន០៥នាក់ផងដែរ ខណៈវាមិនមែនជារឿងចម្លែកទេ សម្រាប់ប្រធានាធិបតីអាមេរិកដែលជិតផុតអាណិត្ត ក្នុងការយល់ព្រមលើកលែងទោសបែបនេះ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានបញ្ហាក្នុងការលើកលែងទោសដល់អ្នកដែលលោកជឿថា ត្រូវបានគេកាត់ទោសដោយអយុត្តិធម៌នោះទេ។ អ្នកដែលត្រូវបានលើកលែងទោសខាងលើនេះ រួមមានអតីតសមាជិកសភាតំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃគណបក្សសាធារណរដ្ឋ លោក Duncan Hunter និងលោក Chris Collins ជាសមាជិកសភាតំណាងរាស្ត្រប្រចាំរដ្ឋញូវយ៉ក។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានធ្វើការសម្រាលទោសដល់អតីតសមាជិកសភានៃរដ្ឋតិចសាស់ លោក Steve Steveman ហើយក៏បានប្រកាសលើកលែងទោសសម្ព័ន្ធមិត្តរបស់លោក ដែលជាប់ពាក់ព័ទ្ធនៅក្នុងការស៊ើបអង្កេតរបស់រុស្ស៊ីផងដែរ ក្នុងនោះរួមមានលោក ចច ប៉ាប៉ាដូពូឡូស (George Papadopoulos) ជាទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦ របស់លោក និងមេធាវីជនជាតិហូឡង់ លោក អាឡិច វ៉ាន់ ឌ័រ ហ្សាវ៉ាអាន់ (Alex van der Zwaan) ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ថ្ងៃពីបទភូតកុហកអ្នកស៊ើបអង្កេតក្នុងអំឡុង ពេលនៃការស៊ើបអង្កេតពិសេស របស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ។

លោក ហ្សាវ៉ាអាន់ និងលោក ប៉ាប៉ាដូពូឡូស គឺជាជនជាប់ចោទទី៣ និងទី៤ នៃការស៊ើបអង្កេតជុំវិញរឿងអាស្រូវចោទថារុស្ស៊ីលូកលាន់កិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ដែលត្រូវបានលើកលែងទោស។ តាមរយៈការលើកលែងទោសរបស់ពួកគេ លោក ដូណាល់ ត្រាំ បានផ្តោតលើការស៊ើបអង្កេតរបស់លោក Mueller ម្តងទៀត និងបានជំរុញឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលុបចោលលទ្ធផលនៃការស៊ើបអង្កេត ដែលបានធ្វើឲ្យមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងមនុស្ស រាប់សិបនាក់។

កាលពីខែមុន លោក ត្រាំ បានលើកលែងទោសអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn ដែលបានសារភាពពីរដងថា មានកំហុសក្នុងការកុហក FBI ហើយ ប៉ុន្មានខែមុន បានសម្រាលទោសឱ្យមនុស្សជំនិតរបស់លោកម្នាក់ទៀត គឺលោក Roger Stone។

គួរបញ្ជាក់ថា នៅក្នុងក្រុមអ្នកដែលបានប្រកាសលើកលែងទោស នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ ក៏រួមមានអតីតអ្នកម៉ៅការគម្រោងរដ្ឋាភិបាលអាមេរិកចំនួន ០៤នាក់ផងដែរ គឺលោក Nicholas Slatten, លោក Paul Slough, លោក Evan Liberty, និងលោក Dustin Heard ដែលត្រូវបានកាត់ទោស ជុំវិញការសម្លាប់រង្គាលកាលពីឆ្នាំ២០០៧ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដែលបានធ្វើឲ្យជនស៊ីវិលអ៊ីរ៉ាក់ រាប់សិបនាក់បានស្លាប់ និងបង្កឲ្យមានភាពវឹកវរ ជុំវិញការប្រើប្រាស់សន្តិសុខយាម ឯកជននៅក្នុងតំបន់សង្គ្រាម។

ការលើកលែងទោសខាងលើនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈជាក់ស្តែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការផ្តល់ផលប្រយោជន៍ដល់ទាហានអាមេរិក និងអ្នកម៉ៅការគម្រោងរដ្ឋាភិបាល។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានលើកលែងទោសអតីតមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកម្នាក់ ដែលនឹងត្រូវជំនុំជម្រះ នៅឆ្នាំ២០២១ ខាងមុខនេះ ពីបទសម្លាប់ជនសង្ស័យជាអត្តឃាតជន បំផ្ទុះគ្រាប់បែកអាហ្វហ្គានីស្ថានម្នាក់ និងអតីតអនុសេនីយឯកម្នាក់ ដែលត្រូវបានកាត់ទោសពី បទឃាតកម្ម ដោយបានបញ្ជាឱ្យគេបាញ់ប្រហារទៅលើជនជាតិអាហ្វហ្គានីស្ថាន ០៣នាក់៕