(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤៦នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥,៧៦២នាក់។ ទោះជាបែបនេះក្តី ថៃមិនបានបញ្ជាក់លម្អិត អំពីករណីឆ្លងជំងឺនេះ ក្នុងចំណោមពលករចំណាកស្រុកឡើយ ខណៈពួកគេត្រូវបានមជ្ឈដ្ឋានខ្លះបន្ទោសថា ជាមូលហេតុចម្បងនៃការឆ្លងរាលដាល នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 លោក ថាវីស៊ីព វីសានុយោធីន (Taweesilp Visanuyothin) ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើមាន ៣៩នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលភាគច្រើនមានជាប់ពាក់ព័ន្ធនឹងផ្សារលក់អាហារសមុទ្រមួយកន្លែង នៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) និង ០៧ករណីទៀត ជាអ្នកធ្វើចត្តាឡីស័ក ដែលទើបត្រលប់មកពីបរទេស។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 មិនបានរាយការណ៍ពីករណីឆ្លងថ្មី នៅក្នុងចំណោមពលករចំណាកស្រុកនោះទេ ក្រោមហេតុផលជាច្រើន ហើយក៏មិនបានបញ្ជាក់លម្អិតនោះដែរ។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៥,៧៦២ករណី ក្នុងនោះមាន ៤,០៩៥នាក់ ឬស្មើនឹង ៧១ភាគរយបានជាសះស្បើយឡើងវិញ ខណៈអ្នកស្លាប់មានចំនួន ៦០នាក់ដដែល៕