(ម៉ូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចុះហត្ថលេខាហើយ លើច្បាប់មួយ ដែលនឹងផ្ដល់ឱ្យអតីតប្រធានាធិបតីរុស្ស៊ីគ្រប់រូប រួមទាំងលោក និងគ្រួសារ នូវអភ័យឯកសិទ្ធិគេចផុតពីការកាត់ទោស និងអាចធ្វើជាសមាជិកព្រឹទ្ធសភា នៃសភាជាន់ខ្ពស់រុស្ស៊ីអស់មួយជីវិត នៅពេលចាកចេញពីវិមានក្រឹមឡាំង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

ច្បាប់ស្ដីពីអភ័យឯកសិទ្ធិពេញមួយជីវិតរបស់ប្រធានាធិបតីរុស្ស៊ីខាងលើ គឺជាផ្នែកមួយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានសភារុស្ស៊ីអនុម័តកាលពីរដូវក្ដៅ កន្លងទៅនេះ ក្នុងគោលបំណងត្រួសត្រាយឱ្យលោក ពូទីន កាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ឬអស់មួយជីវិត បើសិនជាលោកចង់ ខណៈបើតាមរដ្ឋធម្មនុញ្ញចាស់លោកពូទីន ត្រូវចុះចេញពីតំណែង នៅឆ្នាំ២០២៤។

តាមពិតទៅ នៅក្នុងប្រទេសរុស្ស៊ី អតីតប្រធានាធិបតីគ្រប់រូប សុទ្ធតែមានរួចហើយអភ័យឯកសិទ្ធិគេចផុតពីការកាត់ទោសពីបទឧក្រិដ្ឋនានា ដែលបានប្រព្រឹត្តអំឡុងពេល កាន់អំណាច។ ក៏ប៉ុន្តែ តាមរយៈច្បាប់ថ្មីនេះ វានឹងផ្ដល់ឱ្យអតីតប្រធានាធិបតីរុស្ស៊ី នូវអភ័យឯកសិទ្ធិពេញមួយជីវិត ដោយពួកគេមិនអាចត្រូវបានចាប់ខ្លួន តាមរក, សួរចម្លើយ ឬក៏ទទួលការកាត់ទោស នោះឡើយ។ មិនតែប៉ុណ្ណោះ វាក៏នឹងបង្កឧបសគ្គដល់ការដកអភ័យឯកសិទ្ធពីប្រធានាធិបតីផងដែរ។ ដ្បិតច្បាប់នេះ ត្រូវបានចងជើងដោយច្បាប់ថ្មី មួយទៀត ដែលចុះហត្ថលេខាដោយលោក ពូទីន នោះគឺច្បាប់ដែលអនុញ្ញាតឱ្យប្រធានាធិបតី តែងតាំងសមាជិកព្រឹទ្ធសភារហូតដល់៣០រូប សម្រាប់តំណែងនៅក្នុង សភាជាន់ខ្ពស់ ឬព្រឹទ្ធសភារបស់រុស្ស៊ី។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើច្បាប់ខាងលើដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexey Navalny បានអះអាងថាលោកបានបញ្ឆោតឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី FSB ម្នាក់ សារភាពពីផែនការព្យាយាមបំពុលសម្លាប់រូបលោក ក្នុងតំបន់ស៊ីបេរី កាលពីខែសីហាកន្លងទៅ។ តែវិមានក្រឹមឡាំង បានបដិសេធជាដាច់ខាតរាល់ការចោទប្រកាន់ថា អាជ្ញាធររុស្ស៊ី ឬលោក ពូទីន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងបំពុលសម្លាប់ មេដឹកនាំប្រឆាំងរូបនេះ ដោយលោក ពូទីនផ្ទាល់ ក៏បានបញ្ជាក់ដែរថាបើសិនជាលោក ឬរដ្ឋាភិបាលរុស្ស៊ី ចង់ធ្វើបែបនេះមែន ម្លេះលោក Navalny មិនមានជីវិតដល់ សព្វថ្ងៃឡើយ៕