(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 ថ្មីៗកម្រិតខ្ពស់បន្ថែមទៀត ខណៈដែលការស្ទង់មតិថ្មីមួយបានបង្ហាញពី «ភាពមិនពេញចិត្ត» ដែលកំពុងកើនឡើងជុំវិញវិធានការឆ្លើយតបរបស់ លោកប្រធានាធិបតី មូន ចេអ៊ីន (Moon Jae-in) ចំពោះរលកឆ្លងចុងក្រោយបង្អស់ ដែលកំពុងវាយប្រហារនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Realmeter ដែលបានចេញផ្សាយនៅថ្ងៃពុធនេះបានបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូង ០៦នាក់ ក្នុងចំណោម ១០នាក់យល់ថា រដ្ឋាភិបាលគួរតែត្រូវបានផ្តល់អាទិភាព ទៅលើសុវត្ថិភាពរបស់វ៉ាក់សាំង COVID-19 ហើយការចាក់វ៉ាក់សាំងគួរតែចាប់ផ្តើម ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ស្របពេលដែលករណីឆ្លងថ្មីៗ កំពុងកើនឡើងយ៉ាងគំហុក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរិះគន់រដ្ឋាភិបាល ចំពោះភាពធូររលុងក្នុងការ ធានាសុវត្ថិភាពរបស់វ៉ាក់សាំង ហើយបែរជាពឹងផ្អែកយ៉ាងខ្លាំង ទៅលើវ៉ាក់សាំងដែលកំពុងអភិវឌ្ឍក្នុងស្រុក ដែលនឹងត្រូវចំណាយពេលច្រើន ជាងជម្រើសវ៉ាក់សាំងពីបរទេស។

ជាការឆ្លើយតប ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយថា កម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ រដ្ឋាភិបាលធ្លាប់បានបញ្ជាក់ម្តងរួចទៅហើយថា ការចាក់វ៉ាក់សាំងអាចនឹងចាប់ផ្តើម នៅដើមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ។

នៅថ្ងៃពុធនេះទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺឆ្លង ឬហៅកាត់ថា KDCA បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ១,០៩២នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៥២,៥៥០ ករណីក្នុងនោះមនុស្ស ៧៣៩នាក់បានស្លាប់។ នៅចំពោះមុខការកើនឡើងយ៉ាងគំហុកបែបនេះ ទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះបានប្រកាសហាមឃាត់ ការប្រមូលផ្តុំដែលមានមនុស្សច្រើនជាង ៥នាក់ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី២៣ ខែធ្នូ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

បន្ថែមពីលើនេះ ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ហាងនានា អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៣លានវ៉ុន (ប្រហែលជា ២,៧០០ដុល្លារអាមេរិក) ប្រសិនបើរកឃើញថា បានរំលោភលើបទបញ្ជានេះ។ អាជ្ញាធរកូរ៉េខាងត្បូង ក៏បានបញ្ជាឲ្យបិទរមណីយដ្ឋានជិះស្គី និងកន្លែងទេសចរណ៍រដូវរងារទាំងអស់ ក្នុងគោលបំណងដើម្បីបញ្ឈប់ ការឆ្លងរីករាលដាល នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល ដែលជិតឈានមកដល់។

ដោយឡែក នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សេគ្យុន (Chung Sye-kyun) នៅថ្ងៃពុធនេះបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាចធានាបានគ្រែមន្ទីរពេទ្យប្រហែល ៨,០០០គ្រែបន្ថែមទៀត សម្រាប់អ្នកជំងឺ COVID-19 ថ្មីៗ ដោយមានជំនួយពីមន្ទីរពេទ្យឯកជន៕