(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca បានអះអាងនៅថ្ងៃអង្គារសប្ដាហ៍នេះថា វ៉ាក់សាំង COVID-19 របស់ខ្លួនដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដ ដំណាក់កាលចុងក្រោយ គួរតែអាចមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹង COVID-19 ទម្រង់ថ្មី ហើយការសិក្សាស្រាវជ្រាវបន្ថែមកំពុងដំណើរការ ដើម្បីកំណត់ថាតើទម្រង់ថ្មីនៃវីរុសនេះ អាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរឬទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។

តំណាងក្រុមហ៊ុន AstraZeneca ម្នាក់បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមសារអេឡិចត្រូវនិចថា វ៉ាក់សាំង AZD1222 ដែលជាបេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មានផ្ទុកសម្ភារៈសេនេទិចប្រូតេអ៉ីន «S» ឬ «spike protein» នៃវីរុសកូរ៉ូណា SARS-CoV-2 (COVID-19) ហើយការផ្លាស់ប្ដូរ ទម្រង់សេនេទិចនៅក្នុងវីរុស COVID-19 ទម្រង់ថ្មី ទំនងជានឹងមិនអាចផ្លាស់ប្ដូររចនាសម្ព័ន្ធនៃប្រូតេអ៉ីន «S» បាននោះទេ។
អ្នកតំណាងក្រុមហ៊ុនផលិតឱសថអង់គ្លេសខាងលើនេះ បានបន្ថែមទៀតថា ដោយមានវ៉ាក់សាំង AZD1222 ប្រព័ន្ធភាពសុំានឹងត្រូវជំរុញសមត្ថភាព ឱ្យទទួលស្គាល់ផ្នែកផ្សេងៗគ្នាជាច្រើននៃប្រូតេអ៉ីន «S»។ ដូច្នេះវ៉ាក់សាំងនេះគួរតែអាចមានប្រសិទ្ធភាពប្រឆាំងនឹង COVID-19 ទម្រង់ថ្មី។

គួរបញ្ជាក់ថា COVID-19 ទម្រង់ថ្មី ឬមានលេខកូតសម្គាល់ B.1.1.7 ត្រូវបានគេជឿជាក់ថា មានសមត្ថភាពចម្លងជំងឺបានយ៉ាងឆាប់រហ័ស ពោលគឺ ៧០ភាគរយលើស COVID-19 បច្ចុប្បន្ន ហើយកុមារអាចនឹងប្រឈមមុខ នឹងការឆ្លងវីរុសទម្រង់ថ្មីនេះខ្ពស់ជាងគេ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ថា តើវីរុស COVID-19 ទម្រង់ថ្មី មានភាពកាចសាហាវជាងទម្រង់ចាស់ ឬក៏មានសមត្ថភាពប្រឆាំងនឹងវ៉ាក់សាំងបច្ចុប្បន្ន ឬក៏យ៉ាងណានោះទេ៕