(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៦,៣៤៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៦៧៨,១២៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

ក្រៅពីអ្នកឆ្លងថ្មីៗ ប្រទេសឥណ្ឌូនេស៊ី ក៏បានកត់ត្រានូវអ្នកស្លាប់ថ្មីៗចំនួន ១៧២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២០,២៥៧នាក់ ខណៈអ្នកជំងឺ ៥,៨៣៨នាក់ផ្សេងទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥៥២,៧២២នាក់។

គួរបញ្ជាក់ថា ជំងឺឆ្លងរាតត្បាតសកល (COVID-19) បានឆ្លង និងរីករាលដាលពាលពេញខេត្តទាំង៣៤ របស់ប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី គឺកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត៕