(បរទេស)៖ នាពេលនេះជំងឺ COVID-19 បានរាលដាលដល់គ្រប់ទីកន្លែងជុំវិញពិភពលោកតែម្តង បន្ទាប់មនុស្ស៣៦នាក់នៅឯមូលដ្ឋានស្រាវជ្រាវមួយកន្លែងរបស់ប្រទេសឈីលី ដែលស្ថិតនៅទ្វីបអង់តាក់ទិក ត្រូវគេរាយការណ៍ថា បានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

រយៈពេលជាច្រើនខែមកនេះ ចាប់តាំងតែពីវិបត្តិជំងឺ COVID-19 បានផ្ទុះឡើងនិងរីករាលដាលលើទ្វីបចំនួន៦ អង់តាកតិចបានបន្តជាទ្វីប តែមួយគត់ ដែលគ្មានវត្តមានជំងឺនេះ។ ប៉ុន្តែឥឡូវគឺមិនដូច្នោះទៀតឡើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ជនជាតិឈីលីចំនួន ៣៦នាក់ ដែលធ្វើការនៅមូលដ្ឋានស្រាវជ្រាវឈ្មោះ General Bernardo O’Higgins Riquelme លើទ្វីបអង់តាកទិច ត្រូវបានធ្វើតេស្តវិជ្ជមាន ចំពោះ COVID-19 កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

គួរបញ្ជាក់ថា អ្នកឆ្លងជំងឺទាំងនោះ ត្រូវបានជម្លៀសទៅកាន់ទីក្រុង Punta Arenas នៃប្រទេសឈីលី ហើយកំពុងទទួលការព្យាបាលនៅ ទីនោះ។ មូលដ្ឋាន General Bernardo O’Higgins Riquelme ស្ថិតក្នុងចំណោមមូលដ្ឋានស្រាវជ្រាវសរុបចំនួន១៣របស់ប្រទេសឈីលី នៅលើទ្វីបអង់តាកទិច៕