(តូក្យូ)៖ សមាគមជាតិវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងក្រុមគ្រូពេទ្យមួយចំនួនទៀត នៅក្នុងប្រទេសជប៉ុន បានប្រកាសភាពអាសន្នផ្នែកសុខាភិបាល ដោយជំរុញឲ្យរដ្ឋាភិបាល ជួយគាំទ្រដល់ប្រព័ន្ធវេជ្ជសាស្ត្រនៃប្រទេសនេះ ដើម្បីទប់ស្កាត់នឹងការឆ្លងរីករាលដាល នៃជំងឺឆ្លងរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឆ្លងរីករាលដាលនៃ COVID-19 នេះ មិនមានសញ្ញានៃការបញ្ឈប់ឡើយ។ បើមិនមានការត្រួតពិនិត្យពីរដ្ឋាភិបាលទេ ប្រជាជនជប៉ុននឹងមិនអាចទទួលបាន ការព្យាបាលជាប្រចាំឡើយ»។ ក្រុមទាំង ០៩ ក្នុងនោះរួមមានទាំងសមាគមជាតិទន្តពេទ្យ និងឱសថការី ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល ផ្តល់ជំនួយត្រឹមត្រូវដល់បុគ្គលិកពេទ្យជួរមុខ និងសាធារណជនទាំងអស់ ឲ្យអនុវត្តវិធានការបង្ការការឆ្លងរីករាលដាលនៃ COVID-19 នេះឲ្យបានខ្ជាប់ខ្ជួនផងដែរ។

គួរបញ្ជាក់តាមការចេញផ្សាយ ដោយសារព័ត៌មានជប៉ុន NHK ឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២០១,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ២,៩៦៥នាក់៕