(យូអិន)៖ មូលនិធិអង្គការសហប្រជាជាតិ សម្រាប់កុមារ (UNICEF) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវផ្ទាំងបង្ហាញព័ត៌មានស្តីពីទីផ្សាររបស់ វ៉ាក់សាំង COVID-19 ដែលជាឧបករណ៍អន្តរកម្ម ដើម្បីតាមដានការវិវត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ COVAX ដើម្បីធានាឱ្យបាននូវការទទួលបានវ៉ាក់សាំងដោយស្មើភាព និងសមធម៌ សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

ផ្ទាំងព័ត៌មានថ្មីនេះ នឹងផ្តល់នូវទិដ្ឋភាពទូទៅថ្មីៗនៃការស្រាវជ្រាវ និងការអភិវឌ្ឍរបស់វ៉ាក់សាំងនៅជុំវិញពិភពលោក ព្រមទាំងការព្យាករសមត្ថភាពផលិតកម្មដែល បានប្រកាស ជាសាធារណៈស្តីពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងទ្វេភាគី និងពហុភាគី ក៏ដូចជាចំណុចតម្លៃ ដែលបានរាយការណ៍ផងដែរ។ នៅឆ្នាំ២០២១ខាងមុខ ផ្ទាំងព័ត៌មាននេះក៏នឹង ផ្តល់ព័ត៌មានថ្មីៗស្តីពីស្ថានភាពលទ្ធកម្មដោយ UNICEF និងអ្នកទិញផ្សេងៗទៀត ដែលចូលរួមនៅក្នុងកម្មវិធី COVAX។ បន្ថែមពីលើនេះ វាក៏នឹងតាមដានស្ថានភាពនៃ ការចែកចាវ៉ាក់សាំងដោយ UNICEF និងស្ថាប័នដែលចូលរួមទៀតផង។

គួរបញ្ជាក់ថា COVAX គឺជាកម្មវិធីមួយដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ដែលគោលបំណងសម្រួលដល់បណ្ដាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ឱ្យមាន សិទ្ធិទទួលបានវ៉ាក់សាំង COVID-19។ វាគឺជាកិច្ចសហការជាសកលដើម្បីពន្លឿនការអភិវឌ្ឍ ផលិតកម្ម និងការទទួលបាននូវសិទ្ធិទទួលបានការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំងថ្មីៗ៕