(សិង្ហបុរី)៖ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការមកដល់នៃវ៉ាក់សាំង COVID-19 នៅប្រទេសសិង្ហបុរី គឺជាដំណឹងល្អ ប៉ុន្តែយើងនៅតែត្រូវការពេលវេលាជាច្រើនខែទៀត ដើម្បីឲ្យរបៀបរស់នៅវិលត្រលប់មករកសភាពធម្មតាវិញ ខណៈប្រទេសនេះត្រូវការសិក្សាបន្ថែម អំពីផលប៉ះពាល់នៃវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

សាស្ត្រាចារ្យរងផ្នែកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) លោក អេឡិច ឃុក (Alex Cook) បានលើកឡើងថា «អ្នកដែលមានសំណាងជាងគេ ក្នុងចំណោមមនុស្សដំបូងគេ ដែលបានទទួលការចាក់វ៉ាក់សាំងអាចសង្ឃឹមថា នឹងវិលត្រលប់ទៅរករបៀបរស់នៅ ដែលមានសភាពធម្មតាវិញយ៉ាងឆាប់រហ័ស។ ប៉ុន្តែខ្ញុំគិតថា ពួកគេនៅតែមិនអាចចៀសវាងពីការពាក់ម៉ាស និងការជួបជុំដែលត្រូវបានកំណត់ចំនួននោះទេ រហូតដល់ពេលដែលមនុស្សគ្រប់គ្នា បានទទួលការចាក់វ៉ាក់សាំងនោះ»។

ការដឹកជញ្ជូនវ៉ាក់សាំង COVID-19 ដំបូងបង្អស់ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) បានប្រកាសកាលពីសប្តាហ៍មុនថា អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បានអនុម័តឲ្យប្រើប្រើវ៉ាក់សាំងនេះហើយ។

គួរបញ្ជាក់ថា បើតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong វ៉ាក់សាំង COVID-19 ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសសិង្ហបុរីនៅប៉ុន្មានខែខាងមុខនេះ ហើយប្រទេសនេះ នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា នៅត្រឹមត្រីមាសទី ៣ នៃឆ្នាំ២០២១ខាងមុខនេះ ប្រសិនបើគ្រប់យ៉ាងធ្វើទៅតាមផែនការ៕