(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ គ្រោងនឹងរៀបចំពិធីស្បថចូលកាន់តំណែងជាលើកទី ២ តាមប្រព័ន្ធអនឡាញ សម្រាប់លោក ត្រាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ពោលគឺចំថ្ងៃតែមួយដែលលោក ចូ បៃដិន ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ ជាផ្លូវការរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន THE HILL នៅព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

មនុស្សច្រើនជាង ៦០,០០០នាក់បានបញ្ជាក់នៅលើ Facebook ថា ពួកគេមានគម្រោងចូលរួមក្នុងពិធីខាងលើ ដែលត្រូវបានដាក់ឈ្មោះឱ្យថា «Donald Trump 2nd Presidential Inauguration Ceremony» ឬ «ពិធីស្បថចូលកានតំណែងជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ជាលើកទី២»។ ក្រុមអ្នកគាំទ្រលោក ត្រាំ ទាំងនេះក៏បានអះអាងដែរថា ពួកគេមានបំណងប្រមូលអ្នកចូលរួមឱ្យបាន ៣២៥,០០០នាក់ ដើម្បីបង្ហាញការគាំទ្រដល់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ អង្គបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រឱ្យលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ មកទល់នឹងពេលនេះ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ហើយក៏មិនទាន់បញ្ជាក់ថា លោកនឹងបង្ហាញខ្លួនក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន ដែរឬក៏យ៉ាងណានោះដែរ ខណៈប្រធានាធិបតីចាំផ្ទះរូបនេះ នៅតែប្រកាន់់ជំហរចោទប្រកាន់ថា ការបោះឆ្នោតត្រូវបានលួចបន្លំ៕