(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា បច្ចុប្បន្នមិនទាន់មានភាពចាំបាច់ ត្រូវប្រកាសអាសន្នកម្រិតធ្ងន់ ចំពោះការរកឃើញទម្រង់ថ្មីនៃវីរុស COVID-19 នោះទេ ខណៈប្រទេសអឺរ៉ុបមួយចំនួន កំពុងចាប់ផ្តើមរឹតត្បិតការធ្វើដំណើរទៅ និងមកពីចក្រភពអង់គ្លេស និងអាហ្រ្វិកខាងត្បូងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

ដោយផ្អែកលើទិន្នន័យ បានមកពីចក្រភពអង់គ្លេស ក្រុមមន្ត្រី WHO បានកត់សម្គាល់ថា «ទម្រង់ថ្មីនៃ COVID-19 គ្រាន់តែជាការវិវត្តន៍ ឬការផ្លាស់ប្ដូរទម្រង់ជាធម្មតានៃវីរុសតែប៉ុណ្ណោះ» ហើយក៏មិនទាន់មានភស្ដុតាងបញ្ជាក់ថា ទម្រង់ថ្មីនេះអាចបំផ្លាញដល់ ប្រសិទ្ធភាពវ៉ាក់សាំងនោះដែរ។

ក្រុមមន្ត្រី WHO ខាងលើបានសង្កត់ធ្ងន់បន្ថែមទៀតថា «មិនទាន់មានភាពចាំបាច់ ត្រូវប្រកាសអាសន្នកម្រិតធ្ងន់ឡើយ» ដ្បិតយើងនៅមិនទាន់មានការបញ្ជាក់ណាមួយថា ទម្រង់ថ្មីនេះអាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មានភាពកាចសាហាវជាង COVID-19 នាពេលសព្វថ្ងៃនេះដែរ បើទោះជាអង់គ្លេសអះអាងថា វាមានសមត្ថភាពអាចចម្លងទៅមនុស្ស បានឆាប់រហ័សជាងមុនក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានប្រកាសថា វីរុស COVID-19 ប្រភេទថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាល លឿនជាងវីរុស COVID-19 ធម្មតារហូតដល់ ៧០ភាគរយ ប៉ុន្តែវាមិនទាន់ត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា សាហាវជាងវីរុស COVID-19 ធម្មតានោះឡើយ ហើយវ៉ាក់សាំងបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាពទប់ទល់ជាមួយវា។ ក្រោយការប្រកាសនេះ បណ្តាប្រទេសអ៉ឺរ៉ុបជាច្រើន រួមទាំងអាស៊ី និងអាមេរិកខាងជើងមួយចំនួនផងដែរ បានប្រកាសរឹតត្បិត ឬផ្អាកការធ្វើដំណើរទៅ និងមកពីចក្រភពអង់គ្លេស រួមទាំងអាហ្វ្រិកខាងត្បូង ជាបណ្ដោះអាសន្ន៕