(អាមេរិក)៖ នៅទីបំផុតប្រធានាធិបតីជាប់ឆ្នោត នៅសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីជាការបង្កើននូវទំនុកចិត្ត ជូនដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវអភិវឌ្ឍនឡើងដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer និង BionNTech។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

លោក ចូ បៃដិន នៅតែអះអាងថា លោកនឹងចាប់ផ្តើមយុទ្ធការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់ជីវិតមនុស្សនៅអាមេរិកជាង ៣១៥,០០០នាក់ទៅហើយនេះ នៅក្រោយពេលលោកស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

នៅក្នុងវ័យ ៧៨ឆ្នាំទៅហើយនោះ លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា គឺស្ថិតនៅក្នុងចង្កោមវ័យ ដែលងាយប្រឈមមុខខ្លាំងចំពោះវីរុសនេះ។ ដោយឡែកអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន និងភរិយា កាលពីចុងសប្តាហ៍មុននេះ ក៏បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយដែរ។ ងាកទៅកាន់លោក ដូណាល់ ត្រាំ វិញធ្លាប់បានអះអាងថា លោកនឹងចាក់វ៉ាក់សាំងនេះ នៅពេលគ្រូពេទ្យផ្តល់យោបល់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) បានធ្វើការអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រមហ៊ុន Moderna មួយទៀត ដែលប្រការនេះមានន័យថា អាមេរិកមានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ចំនួនពីរនៅក្នុងដៃ ដើម្បីធ្វើការចាក់ជូនក្រុមមនុស្ស ដែលងាយរងគ្រោះមុនគេ ក្នុងនោះមានដូចជា បុគ្គលិកសុខាភិបាលជួរមុខ, មន្ត្រីបម្រើការងារពាក់ព័ន្ធ COVID-19 និងមនុស្សមានវ័យចំណាស់ជាដើម៕