(ប៉េកាំង)៖ អ្នកជំនាញជនជាតិចិនម្នាក់បានលើកឡើងថា រហូតមកទល់ពេលនេះ បើយោងតាមលទ្ធផល នៃការតេស្តគ្លីនិកនិងចាក់បន្ទាន់បានបង្ហាញថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន គឺមានសុវត្ថិភាព និងប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

លោក Zheng Zhongwei ដែលជាមន្ត្រីម្នាក់នៃគណៈកម្មាធិការសុខភាពជាតិចិន ដែលហៅកាត់ថា NHC និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ថ្នាំបង្ការជាតិ បានមានប្រសាសន៍ថា ប្រទេសចិនបានអនុវត្តវ៉ាក់សាំង COVID-19 សម្រាប់ការប្រើប្រាស់បន្ទាន់ ជិតមួយលានដូសរួចទៅហើយ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងទាំងនេះ ត្រូវបានផ្តល់ជូនដោយស្ម័គ្រចិត្ត និងមានមូលដ្ឋានច្បាស់លាស់ ព្រមទាំងស្របតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានាផងដែរ។

លោក Zheng បានមានប្រសាសន៍ទៀតថា ប្រតិកម្មមិនល្អមួយចំនួនក៏ត្រូវបានគេរាយការណ៍ដែរ ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយកើតឡើងទេ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មានមនុស្សប្រមាណជាង ៦ម៉ឺននាក់ហើយ នៅតាមតំបន់នានាក្រៅពីប្រទេសចិន ដែលបានទទួលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ហើយក៏មិនមានរបាយការណ៍អំពីប្រតិកម្មអាក្រក់ធ្ងន់ធ្ងរនោះដែរ៕