(ម៉ូស្គូ)៖ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសបេឡារុស្ស (Belarus) បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះបញ្ជីវ៉ាក់សាំង COVID-19 Sputnik V របស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារពត៌មាន Sputnik នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

RDIF បានប្រកាសថា វ៉ាក់សាំង COVID-19 របស់ប្រទេសរុស្ស៊ីដែលមានឈ្មោះសម្គាល់ថា Sputnik V ត្រូវបានចុះបញ្ជីដោយក្រសួងសុខាភិបាលនៃសាធារណរដ្ឋបេឡារុស្ស ដូច្នេះប្រទេសបេឡារុស្ស បានក្លាយជាប្រទេសដំបូងគេបង្អស់ដែលបានចុះបញ្ជីវ៉ាក់សាំងនេះ ជាផ្លូវការ។

ប្រទេសបេឡារុស្ស បានចាប់ផ្តើមធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំង Sputnik V នេះ លើអ្នកស្ម័គ្រចិត្ត កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងមីង (Minsk) ក៏បានវិភាគលើទិន្នន័យនៃការធ្វើតេស្តសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងនេះ ដោយបានបង្ហាញថា មានប្រសិទ្ធភាពរហូតដល់ ៩១,៤ភាគរយ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V គឺជាវ៉ាក់សាំងប្រឆាំង COVID-19 ដែលប្រទេសរុស្ស៊ីបានចុះបញ្ជីជាផ្លូវការ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ និងជាវ៉ាក់សាំងដែលបង្កើតឡើងពីវីរុស adenovirus ដោយបច្ចុប្បន្ននេះ កំពុងត្រៀមបញ្ចប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ នាពេលឆាប់ៗនេះ៕