(ញូដេលី)៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសឥណ្ឌា លោក Harsh Vardhan នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា វ៉ាក់សាំង COVID-19 អាចនឹងមានៅក្នុងប្រទេសរបស់ខ្លួន នៅខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនសុីនហួរ នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយ លោក Vardhan បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំយល់ថានៅត្រឹមខែមករា ឆ្នាំក្រោយ នៅក្នុងដំណាក់កាលណាមួយ ឬសប្តាហ៍ណាមួយ យើងនឹងអាចចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនឥណ្ឌាជាមិនខាន»។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា «អាទិភាពរបស់រដ្ឋាភិបាលគឺសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ប្រការនេះហើយទើប យើងមិនចង់មានការសម្របសម្រួលណាមួយឡើយ ហើយនិយ័តករឱសថរបស់យើង ក៏កំពុងធ្វើការវិភាគលើបេក្ខភាពវ៉ាកសាំងយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ»

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅប្រទេសឥណ្ឌា មានបេក្ខភាពវ៉ាក់សាំង COVID-19 សរុបចំនួន ៦ កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តខុសៗគ្នា។ រដ្ឋាភិបាលនៃប្រទេសនេះ បានផ្តួចផ្តើមរៀបចំកម្មវិធីចាក់វ៉ាក់សាំងធំបំផុត មិនធ្លាប់មាននៅក្នុងប្រទេស។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១០,០៥៦,២៤៨ ករណី ក្នុងនោះមនុស្ស ១៤៥,៨៤៣ នាក់បានស្លាប់ និងមនុស្សច្រើនជាង ៩,៦ លាននាក់បានជាសះស្បើយឡើងវិញ៕