(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានប្រកាសថា ខ្លួននឹងស្នើសុំឲ្យតុលាការកំពូលអាមេរិក លុបចោលលទ្ធផលបោះឆ្នោត កាលថ្ងៃទី០៣ ខែវិច្ឆិកា ដែលជាកិច្ចប្រឹងប្រែងចុងក្រោយបំផុត ដើម្បីបង្វែរដំណើរការបោះឆ្នោត និងជាចេតនាបង្កឲ្យមានមន្ទិល ចំពោះភាពស្របច្បាប់នៃប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីផ្ទាល់របស់លោក ត្រាំ គឺលោក រូឌី ហ្គីលៀនី (Rudy Giuliani) បានអះអាងថា ក្រុមយុទ្ធនាការបានដាក់ញ្ញត្តិ ស្នើសុំឲ្យតុលាការកំពូល លុបចោលសេចក្តីសម្រេចចំនួន ០៣ របស់តុលាការប្រចាំរដ្ឋផេនស៊ីលវេនៀ (Pennsylvania) ជុំវិញសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍។ លោក Giuliani បានបញ្ជាក់ថា ពាក្យបណ្តឹងទាំងនេះគឺដើម្បីស្វែងរកដំណោះស្រាយសមស្រប រួមទាំងបទបញ្ជាដែលអនុញ្ញាតឲ្យក្រុមនីតិប្បញ្ញត្តិ គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនៃរដ្ឋ Pennsylvania ដើម្បីផ្តល់អង្គបោះឆ្នោតចំនួន ២០សំឡេងទៅឲ្យលោក ត្រាំ។ លោក បៃដិន បានឈ្នះឆ្នោតនៅក្នុងរដ្ឋមួយនេះ ក្នុងសំឡេងច្រើនជាង ៨ម៉ឺនសំឡេង។

លោក ចូសហ្វ័រ ឌូក្លាស (Joshua Douglas) សាស្រ្តាចារ្យផ្នែកច្បាប់បោះឆ្នោត នៃសាកលវិទ្យាល័យ ខិនថាក់ឃី (Kentucky) បានកត់សម្គាល់ថា ការដាក់ញ្ញត្តិគឺជារឿងមិនសមហេតុផល ហើយនឹងមិនអាចបញ្ឈប់លោក បៃដិន ដើម្បីក្លាយជាប្រធានាធិបតីទី ៤៦ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ បានឡើយ។ លោក Douglas បានបន្ថែមទៀតថា តុលាការនឹងច្រានចោលវាម្តងទៀត។

កាលពីថ្ងៃទី ១១ ខែធ្នូ កន្លងទៅ តុលាការកំពូលបានបដិសេធពាក្យបណ្តឹងរបស់រដ្ឋតិចសាល់ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋចរជា (Georgia), ឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និង វីសខុនសិន (Wisconsin)។ នាពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ នៃគណបក្សសាធារណរដ្ឋជាច្រើនរូប រួមទាំងមេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកគឺលោក មីច ម៉ាកខុនណែល (Mitch McConnell) បានទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីអង្គបោះឆ្នោតសរុប ៣០៦រូប បានបញ្ជាក់ពីជ័យជម្នះរបស់លោក ហើយក៏បានច្រានចោលសំណើ ដែលចង់លុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងសភាផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះលោក ដូណាល់ ត្រាំ នៅតែមិនទាន់ទទួលស្គាល់ពីជ័យជម្នះរបស់លោក ចូ បៃដិន និងបន្តអះអាងដោយគ្មានភស្តុតាង អំពីការលួចបន្លំសន្លឹកឆ្នោតដដែល។ លោក ត្រាំ ក៏បានស្នើសុំឲ្យតុលាការនៅក្នុងរដ្ឋជាច្រើន លុបចោលលទ្ធផលបោះឆ្នោត ដោយការដាក់សម្ពាធលើមន្ត្រី, សមាជិកសភា ព្រមទាំងអភិបាលរដ្ឋនានាឲ្យប្រកាសថា លោកជាអ្នកឈ្នះជំនួសវិញ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោក សុទ្ធតែបានទទួលបរាជ័យទាំងអស់៕