(ប៉េកាំង)៖ កងទ័ពជើងទឹកចិន នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា កងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងសានទុង (Shandong) ដែលចិន អភិវឌ្ឍ និងសាងសង់នៅក្នុងស្រុក បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធជាប្រចាំ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

នេះមិនមែនជាលើកទីមួយទេ ដែលកងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន បានធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់។ ប៉ុន្តែសកម្មភាពនេះ បានកើតឡើងស្របពេល ដែលភាពតានតឹងកើនឡើងខ្លាំងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ដែលប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។ នាវាផ្ទុក យន្តហោះចម្បាំងសានទុង បានធ្វើដំណើរឆ្លងកាត់ចក្រសមុទ្រតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីនាវាចម្បាំងអាមេរិកបានឆ្លងកាត់ផ្លូវទឹកនេះ។

ប្រភពកងទ័ពចិន បានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ គឺជាផ្នែកមួយនៃផែនការប្រចាំឆ្នាំរបស់ខ្លួន ហើយនាពេលអនាគតយើងនឹងបន្តរៀបចំប្រតិបត្តិការ ស្រដៀងគ្នាដោយផ្អែកលើតម្រូវការបណ្តុះបណ្តាល។

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា សានទុងត្រូវបានអមដំណើរជាមួយនាវាចម្បាំងចំនួន ៤គ្រឿង ហើយបានចេញដំណើរពីកំពង់ផែដាលីន (Dalian) ខេត្ត Liaoning ភាគឦសាន ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ជាការឆ្លើយតប កោះតៃវ៉ាន់បានបញ្ជូននាវាចម្បាំងចំនួន ៦គ្រឿង និងយន្តហោះចម្បាំង ៨គ្រឿង ដើម្បីឃ្លាំមើល និងតាមដានចលនារបស់នាវាចិន។

គួរបញ្ជាក់ថា សមត្ថភាពប្រយុទ្ធនៃកងនាវាសានដុងកាន់តែមានភាពប្រសើរឡើង នៅក្នុងការបណ្តុះបណ្តាលនាពេលកន្លងមក។ ប្រទេសចិនបាននឹងកំពុង ខិតខំប្រឹងប្រែងកែលម្អប្រតិបត្តិការនៃនាវាផ្ទុកយន្តហោះរបស់ខ្លួន ក៏ប៉ុន្តែនៅតែមានបទពិសោធតិចតួច បើប្រៀបធៀបទៅនឹងកងនាវាអាមេរិក ដែលបាន គ្រប់ដណ្តប់សមត្ថភាពប្រយុទ្ធជើងទឹក អស់រយៈពេលជាច្រើនទសវត្សរមកហើយនោះ៕