(តូក្យូ)៖ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide នៅថ្ងៃចន្ទនេះ បានអនុម័តហើយ លើការបង្កើនកញ្ចប់ថវិកាយោធាលើកទី៩ជាប់ៗគ្នា ក្នុងគោលបំណងបង្កើនសមត្ថភាពយន្ដហោះចម្បាំងបំបាំងកាយ និងប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយប្រឆាំងនាវាចម្បាំង ប្រឈមមុខនឹងការកើនឡើងរឹតតែខ្លាំង នៃអំណាចយោធាចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈការអនុម័តខាងលើ ក្រសួងការពារជាតិជប៉ុន នឹងទទួលបានកញ្ចប់ថវិកាយោធា ៥១.៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសាពើពន្ធចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២១ ឬកើនឡើង១.១ភាគរយ ធៀបទៅនឹងឆ្នាំ២០២០នេះ។ កញ្ចប់ថវិកាយោធាដ៏មហិមា របស់រដ្ឋាភិបាលលោក Suga ត្រូវបានគេរំពឹងថានឹងត្រូវបាន សភាអនុម័ត ដ្បិតគណបក្សរបស់លោកនាយរដ្ឋមន្ត្រីជប៉ុនរូបនេះ កំពុងកាន់កាប់សំឡេងភាគច្រើននៅក្នុងសភា។

គួរបញ្ជាក់ថា ការសម្រេចចិត្តបង្កើនកញ្ចប់ថវិកាយោធារបស់ជប៉ុន កើតមានឡើងបន្ទាប់ពីចិនបានប្រកាសពីផែនការបង្កើនកញ្ចប់ថវិកាយោធា ៦.៦ភាគរយ នៅក្នុងឆ្នាំ២០២០នេះ ដែលមានការកើនឡើងតិចតួចក្នុងរយៈពេលជាង ៣ទសវត្សរមកនេះ។ ជប៉ុន កំពុងចរចាទិញមីស៊ីលរយៈចំងាយឆ្ងាយ និងពិចារណា បំពាក់អាវុធ ក៏ដូចជាបណ្ដុះបណ្ដាលយោធារបស់ខ្លួន ពីសមត្ថភាពវាយប្រហារលើគោលដៅនៅលើដីគោកក្នុងប្រទេសចិន កូរ៉េខាងជើង និងផ្នែកខ្លះនៃ តំបន់អាស៊ី។ លើសពីនេះទៅទៀត គម្រោងដ៏ធំមួយទៀតរបស់ជប៉ុន នោះគឺការទិញយន្ដហោះចម្បាំងបំបាំងកាយ F-35 ៦គ្រឿង មានតម្លៃជាង ៦២៨លានដុល្លារ ពីសហរដ្ឋអាមេរិក៕