(យូអិន)៖ លោក វូលកាន បូសកឺ (Volkan Bozkir) ប្រធានសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអំពាវនាវឲ្យមានការធានាថា មនុស្សទាំងអស់នៅលើពិភពលោក អាចទទួលបានវ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសារជាវីដេអូ នាឱកាសនៃទិវាសាមគ្គីភាពមនុស្សជាអន្តរជាតិ ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ លោក Bozkir បានលើកឡើងយ៉ាងដូច្នេះថា «ជាងពេលណាៗទាំងអស់ យើងត្រូវធ្វើការជាមួយគ្នា ព្រោះក្តីសង្ឃឹមរបស់យើងបានងាកទៅរកវ៉ាក់សាំង យើងត្រូវតែបង្ហាញនូវក្តីមេត្តា និងស្មារតីនៃកិច្ចសហប្រតិបត្តិការគ្នា។ យើងត្រូវតែធានាឲ្យប្រាកដថា ការសម្រេចចិត្តមិនត្រូវបានជំរុញ ដោយផលចំណេញ ឬការព្រួយបារម្ភថ្នាក់ជាតិ ដ៏តូចចង្អៀតនោះឡើយ ប៉ុន្តែដោយសេចក្តីត្រូវការ ដើម្បីការពារប្រជាជននៅគ្រប់ទីកន្លែង»

លោក Bozkir បានបន្ថែមទៀតថា «មនុស្សទាំងអស់ត្រូវតែទទួលបានវ៉ាក់សាំង ដោយស្មើភាព និងសមធម៌នៅគ្រប់ប្រទេសទាំងអស់។ នៅពេលនេះ យើងត្រូវការស្មារតី ប្រកបដោយសាមគ្គីភាពរបស់មនុស្សជាតិ ដូចជាអ្វីដែលយើងធ្លាប់មានកន្លងមក»។ លោក Bozkir ក៏បានកត់សម្គាល់ផងដែរថា ជំងឺរាតត្បាតសកល COVID-19 នៅតែបន្តរីករាលដាលឥតឈប់ឈរ ហើយផលប៉ះពាល់សេដ្ឋកិច្ច បានបង្កការគំរាមគំហែងដល់មនុស្សរាប់ពាន់លាននាក់ នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា ទិវាសាមគ្គីភាពមនុស្សជាអន្តរជាតិ គឺជាថ្ងៃឯកភាពប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក ដែលត្រូវបានបង្កើតឡើងជាលើកដំបូង នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០០៥ តាមរយៈដំណោះស្រាយលេខ ៦០/២០៩ ។ គោលដៅចម្បងនេះទិវានេះ គឺដើម្បីទទួលស្គាល់ជាសកល ទៅលើបញ្ហានៃភាពក្រីក្រ ដែលធ្វើឲ្យប្រទេសពាក់ព័ន្ធយល់ដឹង និងដើម្បីដាក់ចេញនូវវិធានការឆ្លើយតប៕