(អាំស្ទឺរដាំ)៖ និយ័តករឱសថអឺរ៉ុបនៅថ្ងៃចន្ទនេះ នឹងធ្វើការវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដោយមានការបើកភ្លើងខៀវជាបណ្ដើរៗ ដើម្បីអនុញ្ញាតឲ្យអឺរ៉ុប ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្នុងរយៈពេលមួយសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន រួមមានប្រទេសអាល្លឺម៉ង់, អូទ្រីស និងអ៉ីតាលីតាលីជាដើម បានអះអាងរួចហើយថា ពួកគេគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង COVID-19 នេះ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ខណៈអឺរ៉ុបបានព្យាយាមដើរតាមសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង តាំងតែពីដើមខែធ្នូមកម្ល៉េះ។

ប្រសិនបើការទទួលអនុញ្ញាតផ្លូវការ ពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ត្រូវបានផ្តល់ឲ្យនោះ គណៈកម្មការអឺរ៉ុបនឹងក្លាយជាអ្នក ធ្វើការសម្រេចចុងក្រោយ ដែលត្រូវបានគេរំពឹងថា នឹងអនុម័តនៅថ្ងៃពុធសប្ដាហ៍នេះតែម្តង។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានកំណត់គោលដៅ នៃការចាប់ផ្តើមយុទ្ធការចាក់វ៉ាក់សាំង COVID-19 នេះរួចទៅហើយ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ឬបន្ទាប់ពីថ្ងៃបុណ្យណូអែល ក្រោយពីគណៈកម្មការអឺរ៉ុបបានមើលឃើញថា ទីភ្នាក់ងារ EMA នឹងផ្តល់ការអនុញ្ញាត។

គួរបញ្ជាក់ថា គោលដៅរបស់សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស គឺការចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនប្រមាណ ៧០ភាគរយនៃចំនួនប្រជាជានសរុប ៤៥០លាននាក់របស់ខ្លួន៕