(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ខ្លួនកំពុងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្រ្តីជំនាញចក្រភពអង់គ្លេស ជុំវិញការរកឃើញវីរុស COVID-19 ថ្មីមួយ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សខុសពីធម្មតា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។

អង្គការ WHO បញ្ជាក់នៅលើសារ Twitter នាថ្ងៃសៅរ៍ ទី១៩ ខែធ្នូ យ៉ាងដូច្នេះថា «ពួកគេ (ក្រុមមន្រ្តីចក្រភពអង់គ្លេស) នឹងបន្តចែករំលែកព័ត៌មានក៏ដូចជាលទ្ធផលនៃការវិភាគនិងការសិក្សារបស់ពួកគេ។ រីឯពួកយើងនឹងធ្វើបច្ចុប្បន្នភាពស្ថានភាពប្រាប់ដល់បណ្តារដ្ឋជាសមាជិក និងសាធារណជនទាំងឡាយ នៅពេលដែលយើងបានស្វែងយល់កាន់តែច្រើនថែមទៀត អំពីបុគ្គលិកលក្ខណៈនៃវីរុស COVID-19 ថ្មីនេះ ហើយនិងផលប៉ះពាល់ផ្សេងៗរបស់វា»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស វីរុស COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញថាមានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា៕