(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននិយាយថាខ្លួនរំពឹងនឹងទទួលបានដូសដំបូងនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នៅខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសថាខ្លួនបានបញ្ជាទិញវ៉ាក់សាំង ១២.៨លានដូស ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំង ដំបូងមួយលានដូស ឱ្យម៉ាឡេស៊ី នៅត្រីមាសទី១ក្នុងឆ្នាំ២០២១ ខណៈ១.៧លានដូស, ៥.៨លានដូស និង៤.៣លានដូស នឹងត្រូវផ្គត់ផ្គង់ជាបន្តបន្ទាប់តាមក្រោយ។ វ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ទទួលបានការបញ្ជាទិញ និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីបណ្ដាប្រទេសជាច្រើន ក្នុងនោះ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន, កាណាដា និងអូស្ត្រាលី រួមទាំងសិង្ហបុរីជាដើម។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer គិតត្រឹមថ្ងៃសៅរ៍នេះ ម៉ាឡេស៊ី មានអ្នកឆ្លង COVID-19 ៩១,៩៦៩នាក់ ក្នុងនោះស្លាប់ ៤៣៣នាក់ និងជាសះស្បើយឡើងវិញ ៧៦,២៤២នាក់៕