(ម៉ាឌ្រីត)៖ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញលោក សាលវ៉ាដឺ អ៊ីលឡា (Salvador Illa) បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ វ៉ាក់សាំង COVID-19 ដែលនឹងត្រូវចាក់ដំបូងគេគឺជារបស់ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដែលនឹងមកដល់អេស្ប៉ាញជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ មុនមួយថ្ងៃនៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង។ លោក Salvador Illa បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា «ប្រសិនបើអឺរ៉ុបយល់ស្របថា ការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នឹងចាប់ផ្តើមក្នុងលក្ខណៈសមស្របមួយ នោះអេស្ប៉ាញនឹងចាប់វានៅផ្តើមថ្ងៃដំបូង តាមដែលអាចធ្វើទៅបាន»

លោក Salvador Illa បានគូសបញ្ជាក់បន្ថែមថា លោកកំពុងរង់ចាំអាជ្ញាធរអឺរ៉ុប បញ្ជាក់អំពីចំនួនដូសនៃវ៉ាក់សាំងប្រឆាំង COVID-19 ដែលអេស្ប៉ាញនឹងត្រូវទទួលបាន ប៉ុន្តែលោកបានសន្យាថា វានឹងត្រូវធ្វើការចែកចាយ ប្រកបដោយសមធម៌។ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា ប្រជាជនអេស្ប៉ាញរហូតដល់ ២០លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នៅខែឧសភា ឬខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។

គួរបញ្ជាក់តាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអេស្ប៉ាញដែលមានប្រជាជនសរុបជាង ៤៦លាននាក់ បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៨១៧,៤៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤៨,៩២៦នាក់ ខណៈចំនួនអ្នកជាសះស្បើយ នៅមិនទាន់មានទិន្នន័យបញ្ជាក់ឡើយ៕