(កូពែនហាក)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហានស៍ គ្លូក (Hans Kluge) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានអះអាងថា ខណៈជំងឺរាតត្បាត COVID-19 បាននិងកំពុងបន្តឆ្លងរាលដាល ពាសពេញទ្វីបអឺរ៉ុបនារដូវវិស្សមកាលនេះ បញ្ហាវិបត្តិសុខភាពផ្លូវចិត្ត ក៏នឹងកើនឡើងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

ទ្វីបអឺរ៉ុបទាំងមូលបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបប្រមាណជា ២៣លានករណី ក្នុងនោះមនុស្សច្រើនជាងកន្លះលាននាក់បានស្លាប់។ លោក Hans Kluge បានទទូចដល់ពលរដ្ឋទាំងអស់ ឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះតទៅទៀត។ បន្ថែមពីលើនេះ លោក Kluge ក៏បានកត់សម្គាល់ពីការកើនឡើង នូវចំនួនអ្នកមានបញ្ហាផ្លូវចិត្ត ដែលមនុស្សមួយចំនួនកំពុងប្រឈមផងដែរ ក្នុងនោះរាប់ចាប់ពីបញ្ហាថប់បារម្ភ, ផលប៉ះពាល់ផ្លូវចិត្ត ដោយសារវិធានការរឹតបន្តឹង, ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក, ផលប៉ះពាល់នៃភាពអត់ការងារធ្វើ, ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ហើយផលប៉ះពាល់លើសុខភាពផ្លូវចិត្ត (Depression) ដោយសារជំងឺរាតត្បាតនេះ នឹងបន្តអូសបន្លាយនៅក្នុងរយៈពេលវែង។

យោងតាមការស្ទង់មតិមួយបានបង្ហាញថា ចំនួន ១/៣ ឬច្រើនជាងនេះនៃមនុស្សពេញវ័យ និងចំនួន ១/២ នៃយុវជន (អាយុចន្លោះពី ១៨-២៩ឆ្នាំ) និងរហូតដល់ ២០ភាគរយ នៃបុគ្គលិកថែទាំសុខភាព បាននិងកំពុងប្រឈមបញ្ហាថប់អារម្មណ៍ និងការបាក់ទឹកចិត្តរួចទៅហើយ។ ចំនួនមនុស្សកាន់តែច្រើនបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងប្រឈមនឹងវិបត្តិសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប្រការនេះហើយទើបលោក Kluge បានជំរុញឲ្យមានវិធានការដោះស្រាយជាបន្ទាន់ នៅទូទាំងតំបន់អឺរ៉ុប។

នៅជុំវិញបញ្ហាទាំងអស់នេះ លោក Kluge បានអំពាវនាវឲ្យដាក់ចេញនូវសកម្មភាពរួមគ្នា ដើម្បីវិនិយោគបន្ថែមទៀត ទៅលើសេវាកម្មថែទាំសុខភាពផ្លូវចិត្ត ជាពិសេសនៅតាមសហគមន៍ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឧបសគ្គនានា។ មន្ត្រីអង្គការសុខភាពពិភពលោករូបនេះ ក៏បានសារភាពផងដែរថា នៅក្នុងឆ្នាំនេះលោកបានធ្វើការសម្រេចចិត្ត ដ៏លំបាកក្នុងការចំណាយពេលវិស្សមកាល ឆ្ងាយពីក្រុមគ្រួសារ ប៉ុន្តែលោកសង្ឃឹមថា នៅឆ្នាំក្រោយលោកនឹងអាចជួប មនុស្សជាទីស្រឡាញ់របស់លោកម្តងទៀត៕