(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 បានកើនលើស ១០លាននាក់ហើយ ដែលធ្វើឱ្យឥណ្ឌា នៅតែបន្តជាប្រទេសមានអ្នកឆ្លង ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលកំពុងគ្រងតំណែងកំពូលតារាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកឆ្លង COVID-19 ថ្មីៗ ២៦,៩៩១នាក់ និងស្លាប់ ៣៤២នាក់ ត្រូវបានរាយការណ៍ពេញមួយថ្ងៃសុក្រម្សិលមិញ ដែលមានកម្រិតទាបជាងឆ្ងាយ បើធៀបនឹងសហរដ្ឋអាមេរិក ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ស្ថិតនៅក្នុងកម្រិតខ្ពស់ផងដែរ។ តាមរយៈការបូកបន្ថែមតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ ១០,០០៤,៨២៥នាក់ ក្នុងនោះស្លាប់សរុបកើនដល់ ១៤៥,១៧១នាក់ និងជាសះស្បើយឡើងវិញសរុប ៩,៥៤៩,៩២៣នាក់។

គួរបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌា រដ្ឋធានីញូដេលីគឺជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយសារការរាតត្បាតជំងឺ COVID-19 ដោយគិតត្រឹមថ្ងៃសុក្រម្សិលមិញ មានអ្នកស្លាប់សរុប ១០,២១៩នាក់។ ដោយឡែកក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ០៣ ក្នុងនោះមានក្រុមហ៊ុនអាមេរិក Pfizer ផងដែរ កំពុងចរចាស្វែងរកការអនុម័ត ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ខណៈឥណ្ឌាត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនខែមករា ឆ្នាំ២០២១ខាងមុខនេះ៕