(តូរ៉ុនតូ)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កាណាដា នឹងទទួលបានវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនឱសថអាមេរិក Pfizer ចំនួន ៥០០,០០០ដូស នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ហើយប្រជាជនកាណាដា កំពុងត្រៀមនិយាយដោយក្ដីរីករាយថា «លាហើយឆ្នាំ២០២០»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

ទោះជាបែបនេះក្តី រដ្ឋមន្ត្រីសេវាសាធារណៈ និងផ្គត់ផ្គង់កាណាដា លោកស្រី អានីតា អាណានដ៍ (Anita Anand) បាននិយាយថា ប្រទេសនេះនឹងមិនមានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ឡើយ សម្រាប់អ្នកទាំងឡាយណា ដែលមានបំណងចង់ចាក់វ៉ាក់សាំង រហូតទាល់តែដល់ចុងខែកញ្ញា ឆ្នាំ២០២១។

កាណាដាបានចាប់ផ្ដើមដំណើរការចាក់ វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់ខ្លួននៅក្នុងសប្តាហ៍នេះ ខណៈប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេស ដែលបានអនុម័តឲ្យប្រើប្រាស់ និងចែកចាយមុនគេនូវវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។

លោកនាយករដ្ឋមន្ត្រី Trudeau បានរំពឹងថា កាណាដានឹងទទួលបាន វ៉ាក់សាំងនេះចំនួន ១២៥,០០០ដូសនៅសប្តាហ៍ក្រោយនេះ និង ២៥៥,០០០ដូសទៀតក្នុងខែធ្នូនេះ ហើយលោកក៏រំពឹងផងដែរថា នឹងទទួលបានវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ចំនួន ១៦៨,០០០ដូស នៅមុនដំណាច់ខែធ្នូនេះផងដែរ។

លោក Trudeau បានបន្ថែមយ៉ាងដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ នៅមិនទាន់ចប់នៅឡើយទេ ខណៈយើងកំពុងត្រៀមនិយាយថា លាហើយឆ្នាំ២០២០ ដោយក្តីរីករាយ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកាណាដាបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤៩៥,៣៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,០៤០នាក់ និងជាសះស្បើយ ៤០៥,៦១១នាក់៕