(សៅប៉ូឡូ)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីលលោក ផូឡូ គ្វេដេស (Paulo Guedes) បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ក្នុងទ្រង់ទ្រាយធំ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសធំជាងគេ ប្រចាំតំបន់អាមេរិកឡាទីនមួយនេះ ស្ទុះងើបឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

លោក Paulo Guedes បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «ការចាក់វ៉ាក់សាំងពិតជាការបើកទំព័រថ្មីមួយ ដែលមិនអាចប្រកែកបាន ប្រឆាំងនឹងជំងឺរាតត្បាតសកល ដែលនឹងស្តារសេដ្ឋកិច្ចប្រេស៊ីល ឲ្យប្រសើរឡើងវិញ ដោយយោងទៅលើការវិនិយោគ និងការបញ្ជាទិញ។ ការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងការវិលទៅបម្រើការងារជាធម្មតាវិញ ប្រកបដោយសុវត្ថិភាព ប្រាកដណាស់ថានឹងធ្វើឲ្យសេដ្ឋកិច្ចប្រេស៊ីល ស្ទុះងើបឡើងវិញជាក់ជាមិនខាន»

ប្រទេសប្រេស៊ីលរំពឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំង COVID-19 ចំនួន ២៤លានដូសនៅត្រឹមខែមករា ឆ្នាំ២០២១ ដើម្បីចាក់ជូនក្រុមមនុស្ស ដែលប្រឈមមុខខ្លាំងជាងគេចំពោះ COVID-19 ក្នុងនោះមានដូចជា បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សវ័យចំណាស់ជាដើម។ វ៉ាក់សាំងទាំងនោះមានចំនួន កន្លះលានដូសពីក្រុមហ៊ុន Pfizer-BioNTech, ០៩លានដូសពីក្រុមហ៊ុន Sinovac និង ១៥លានដូសពីក្រុមហ៊ុន AstraZeneca។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលក៏គ្រោងបញ្ចេញផែនការមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ចខ្លួន ឲ្យស្ទុះងើបឡើងវិញបានឆាប់រហ័សផងដែរ ក្នុងនោះមានដូចជាការធ្វើឯកជនភាវូបនីយកម្ម ទៅលើក្រុមហ៊ុនធំៗមួយចំនួនរបស់រដ្ឋដូចជា ក្រុមហ៊ុនអគ្គិសនី អេឡិចត្រូប្រាស (Electrobras), ក្រុមហ៊ុនសេវាកម្មប៉ូស្តាល់ ខូរីអូស៍ (Correos), កំពង់ផែសាន់តូស (Santos) និងក្រុមហ៊ុនប្រេង ព្រីសាល ផេត្រូលីអូ (Presal Petroleo S.A.) ផងដែរ៕